(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញពិនិត្យមើលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងលិចទឹកមួយគ្រឿង នាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌ បើកប្រតិបត្តិការស្រង់បានពីនាវាលិចនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងមកថា «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថា ក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវា ដែលបានលិចនោះហើយ។ បើគិតមកដល់ពេលនេះ ក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង៥តោនហើយ…! គ្រាប់កប់ក្នុងនាវាចម្បាំងនេះមានច្រើនណាស់»។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានមានទម្ងន់សរុបប្រមាណជាង៥តោន រួមមានគ្រាប់ត្បាល់៨២មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត១២,៧មីលីម៉ែត្រសរុបជាង៣០០កេសធំ។
លោកឧត្តមសេនីយ៍ទោបានបន្ថែមថា បើតាមគោលការណ៍នឹងបញ្ចប់នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ឲ្យបានមុនរដូវវស្សាចូលមកដល់ ប៉ុន្តែចំណុចនេះ គឺជាផែនការរបស់ក្រុមការងារជំនាញ តែដោយឡែកសម្រាប់ស្ថានភាពជាក់ស្តែង ក្រុមការងារជំនាញមិនអាចសន្និដ្ឋានបានទាំងស្រុងនោះទេ ព្រោះទំហំនាវាចម្បាំងមួយនេះមានទំហំធំ ហើយក៏មិនអាចប៉ាន់ប្រមាណនៃទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះដែរ ។ ក្រុមការងារនឹងចាប់ផ្តើមសម្រុកយកនៅក្នុងសប្តាហ៍នេះ គឺនៅក្នុងគ្លុបទី១ សម្រាប់នាវាចម្បាំងមួយនេះ មានចំនួន៤គ្លុប។
លោកមេបញ្ជាការបានគូសបញ្ជាក់ដែរថា សម្រាប់គ្រាប់យុទ្ធភណ្ឌ ដែលបានរកឃើញនៅក្នុងគ្លុបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី១០តោន ទៅ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើន ប៉ុន្តែបើទោះបីជាចំនួនគ្រាប់ច្រើនយ៉ាងណាក៏ដោយ កម្លាំងជំនាញនឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះឲ្យរួចរាល់តាមគោលការណ៍ នៅក្នុងកិច្ចប្រតិបត្តិការ ដែលមានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានយកចិត្តទុកដាក់បំផុត ទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
ក្នុងឱកាសអញ្ជើញជួបក្រុមការងារបច្ចេកទេសបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោក អ៊ុន ចាន់ដា បានសម្តែងនូវការអរគុណ និងបានផ្តាំផ្ញើដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមក្នុងសកម្មភាពនេះដោយប្រុងប្រយ័ត្ន និងធានាឲ្យបាននូវសុខសុវត្ថិភាព៕