ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ៖ មន្ត្រីនគរបាលណាដោះលែងមេក្លោងនាំផ្លូវ ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាចំពោះ មន្ត្រីនគរបាលរូបណាដោះលែងមេ ក្លោងនាំផ្លូវពលករខ្មែរមកកម្ពុជា ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង។

តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា សម្ដេចតេជោ ដាក់ចេញវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺកូវីដ-១៩ នៅតាមច្រកចេញ-ចូល ប្រទេសកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយ បែរជាដោះ លែងទៅវិញ ដែលនាំឲ្យដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញជាជួរតែម្ដងចំពោះមន្ដ្រីនគរបាលណា ដែលអនុវត្តខុសឆ្គង់ទៅនឹងវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស។ ការរត់ពន្ធមនុស្សនេះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលអាច នាំដល់មហន្ដរាយនៃសុខភាពសាធារណៈ ដោយការជំងឺឆ្លង»។

សម្ដេចតេជោ ក៏បានអំពាវនាវ ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចាប់ប្រមូលអ្នកដែលជាប់ពាក់ព័ន្ធនឹងការនាំឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តដាក់ទោស ឬក៏ណែនាំទៅពួកគេ ដើម្បីឲ្យពួកគេបញ្ឈប់នាំមនុស្សឆ្លងដែនបន្ដទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៧៩នាក់ ក្នុងនោះ ជាសះស្បើយ ចំនួន៤៦៩នាក់ និងអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕