ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទឲ្យប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះថា ប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយគ្រប់គ្រ ងកុំឲ្យមានអ្នកចូលតាមច្រកព្រំដែន ក្នុងប្រទេសរបស់ខ្លួន។
ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវតែទទួល យក ដោយឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដង។ ព្រោះខាងថៃគេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើ ដំណើរត្រឡប់មកវិញហើយត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក។ ប៉ុន្ដែអ្នកដែលចង់ឆ្លងដែន ពីកម្ពុជា ទៅថៃ ពីកម្ពុជា ទៅវៀតណាម ពីកម្ពុជា ទៅឡាវ យើងមិនអនុញ្ញាតឲ្យទៅទេ»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ត្រូវបិទព្រំដែនឲ្យជាប់ មិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅក្រៅប្រទេសឡើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជា ដែលធ្វើការនៅថៃ សូមកុំធ្វើដំណើរវិលត្រឡប់ មកកម្ពុជាវិញ ដើម្បីមកលេង ពេលចូលឆ្នាំថ្មី នាខែមេសា ឆ្នាំ២០២១ ខាងមុខ។ ព្រោះថា អ្នកមកពីថៃទាំងអស់ ត្រូវជាប់នៅព្រំដែន ១៤ថ្ងៃ ធ្វើចត្តាឡីស័ក ហើយចូលឆ្នាំខ្មែរ មានតែ៣ថ្ងៃទេ។ បើចង់ទៅវិញ ក៏មិនអាចទៅវិញបានដែរ ព្រោះត្រូវបិទព្រំដែន ទាំងខាងកម្ពុជាខាងថៃ ក៏បិទដូចគ្នាដែរ៕