ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់​កម្ពុយជា

(ភ្នំពេញ)៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក​​ Edwad Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណាប់អារម្មណ៍របស់ហុងកុង ប្រទេសចិន ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។

ក្នុងជំនួបកិច្ចសន្ទនានេះ លោក​រដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍ហុងកុងប្រទេសចិន ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងអាសិប ស្របតាមនីតិវិធី និងលក្ខខណ្ឌតម្រូវនានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

កម្ពុជារំពឹងថា ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ ក្នុងការទ្រទ្រង់ការរីកចម្រើនរបស់អាស៊ាន និងតំបន់ RCEP រួមទាំងកម្ពុជាផងដែរ បន្ទាប់ពីក្លាយជាភាគីនៃកិច្ចព្រមព្រៀងនេះ។

ហុងកុងប្រទេសចិនក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេក​ទេស ព្រមទាំងការពង្រឹងសមត្ថភាពលើវិស័យពាណិជ្ជកម្មអេឡិចត្រូវនិក (E-Commerce) សម្រាប់ជួយកម្ពុជា ក្នុងការចូលរួមចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចសហប្រតិបត្តិការនានាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។