ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួង​ពាណិជ្ជកម្មលើកទឹកចិត្ត នឹង​ជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ កាលពីដើមសប្តាហ៍នេះ លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែឲ្យដឹងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងវិស័យឯកជនពិតជា មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ ដឹងរបស់មន្ត្រីរាជការ និងវិស័យឯកជន លើប្រធានបទ និង នីតិវិធីនៃនាំចេញនាំចូល សហគ្រិនភាព កម្មសិទ្ធិបញ្ញា កិច្ចសន្យាពាណិជ្ជកម្ម និង នីតិពន្ធដារនៅកម្ពុជា សម្រាប់ជាមូលដ្ឋានចំណេះដឹង និងរួមចំណែកក្នុងការជំរុញពាណិជ្ជកម្មនៅកម្ពុជា។

លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ថា ពីរទស្សវត្សចុងក្រោយនេះប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ គួរជាទីមោទនៈ ក្នុងវង្វង់៧ភាគរយ ដែលសមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងនៃចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យកើតចេញពីការសហការគ្នាយ៉ាងសស្រាក់សស្រាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។

រដ្ឋាភិបាលបានដាក់គោលដៅយុទ្ធសាស្ត្រក្នុងការបន្តពង្រឹង ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដោយផ្តោតអាទិភាពលើ ០៦ចំណុច៖

ទី១ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយសហគ្រាសធុនតូច និងមធ្យមឱ្យមានប្រសិទ្ធភាព ។

ទី២-ការពង្រឹងការអនុវត្តយន្តការគាំទ្រដើម្បីជួយសម្រួលដល់ការចុះបញ្ជី ការផ្តល់សេវាសម្របសម្រួល ការផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យបានទូលំទួលាយ និងទាន់ពេលវេលាការផ្សព្វផ្សាយ និងបញ្រ្ជាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូលទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជា។

ទី៣-ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ហរិញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញការៀបចំ និងអនុវត្តនូវជម្រើសហិរញ្ញប្បទាននានារួមទាំងយន្តការគ្រប់គ្រង អាជីវកម្ម គម្រោងវិនិយោគផង។

ទី៤ការបង្កើតមូលនិធិជាតិសហគ្រិតភាព និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាពដោយសហការជាមួយវិស័យឯកជនសំដៅលើកកម្ពស់សហគ្រិនភាព និងប្រសិទ្ធភាពធុរកិច្ច។

៥-ការពង្រឹង និងពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា៖ មន្ទីរពិសោធន៍ថ្នាក់ជាតិ ការបន្តកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកទឹកចិត្ត និងការទាក់ទាញការវិនិយោគក្នុងការបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម។

ទី៦-ការជំរុញការលើកកម្ពស់គុណភាពផលិតផលនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងអនុលោម ភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការលើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patents)។

សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវផែនការណ៍ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្ម លើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការបង់កម្រៃសេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) និងការធ្វើប្រតិភូកម្មនូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមនៅតាមបណ្តាខេត្តជាប់ព្រំដែននានា ។

ដើម្បីនាំចេញទំនិញរបស់ ខ្លួនឲ្យកាន់តែទូលាយក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាងអាស៊ាន និងដៃគូ ដូចជា អាស៊ានបូក១ និងអាស៊ានបូក៣ និងកំពុងចរចាភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រវាង អាស៊ាន និងប្រទេសដៃគូចំនួន៦ទៀត (RCEP)។

ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំពិព័រណ៍ ព្រឹត្តិការណ៍ពាណិជ្ជកម្ម បេសកកម្មពាណិជ្ជកម្ម ការផ្គូរផ្គងដៃគូរពាណិជ្ជកម្ម ការជំរុញពាណិជ្ជកម្ម និងវិនិយោគយុទ្ធនាការជំរុញ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ព្រមទាំងបង្កើត ស្ថានតំណាងពាណិជ្ជកម្មក្រៅប្រទេស (ថៃ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី អូស្រ្តាលី-ណូវែលហ្សេឡង់ អាមេរិក ចិន ជប៉ុន ប៊ែលហ្សិក កូរ៉េ និងស្វីស)  ៕