បរទេស៖លោកនាយករដ្ឋមន្ត្រី Li Keqiang បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងទប់ស្កាត់ដាច់ខាតនូវសកម្មភាពបំបែកខ្លួនណាមួយ ដែលស្វះស្វែងរកភាពឯករាជ្យរបស់តៃវ៉ាន់ ប៉ុន្តែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបម្រួបបង្រួមគ្នាឡើងវិញរបស់ប្រទេសចិន។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋសភារបស់ប្រទេស ចិន លោក Li Keqiang បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវគោលការណ៍ “ប្រទេសចិនតែមួយ” ដែលលើកឡើងថា កោះតៃវ៉ាន់ គឺជាចំណែកនៃប្រទេសចិន។
នៅមហាសាលប្រជាជនរបស់ទីក្រុងប៉េកាំង លោកនាយករដ្ឋមន្ត្រីចិនរូបនេះ បានថ្លែងប្រាប់ដល់គណៈប្រតិភូ៣.០០០នាក់ថា ប្រទេសចិននៅតែប្តេជ្ញាលើកកម្ពស់កំណើនចំណងមិត្តភាពដោយសន្តិវិធី នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងការបង្រួបបង្រួមប្រទេសចិនឡើងវិញ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “យើងនឹងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងប្រឆាំងដាច់ខាតចំពោះសកម្មភាពបំបែកខ្លួនណាមួយ ដែលស្វះស្វែងឲ្យតៃវ៉ាន់ទទួលបានភាពឯករាជ្យ”៕