ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចពញាចក្រី ហេង សំរិន៖អំពាវនាវឲ្យបង ប្អូនជនរួមជាតិទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានអំពាវនាវឲ្យបង ប្អូនជនរួមជាតិទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ដើម្បីឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញ ។

សម្តេចបានបញ្ជាក់ថា សូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត នឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។

ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋា ភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។

នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៍មុះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស។

ឆ្លៀតឱកាសនេះ ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជម្រុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។
សូមជនរួមជាតិទំាំងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឱ្យបានហ្មត់ចត់ជាទីបំផុត៕