ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី ) នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថមដល់ អង្គការពន្លឺអនាគត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី )តំណាងដ៏ខ្ពង់ខ្ពស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងតំណាងសមាគមខ្មែរហាមិលតុន-ភ្នំពេញ បានចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់លោកកៅ ថាច ។ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខមាលភាព អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គមដល់កុមារកំព្រាដែលគ្មានទីពឹង។ បច្ចុប្បន្នអង្គការពន្លឺអនាគតបាន និងកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៦៦ នាក់ ក្នុងនោះកុមារីចំនួន ៣៩ នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២១ឆ្នាំ និងបណ្តុះបណ្តាលអប់រំចាប់ពីថ្នាក់បឋមសិក្សារហូតដល់មហាវិទ្យាល័យ។

លោក បាន លឹម បាននាំនូវការសាកសួរសុខទុក្ខនិងការនឹងរលឹកពីសំណាក់លោក កៅ ថាច ដល់ក្មួយៗកុមារកំព្រាទាំងអស់ និងគណៈគ្រប់គ្រង និងសមាគមខ្មែរ ហាមិលតុន-ភ្នំពេញ តែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ចចំពោះជីវភាពរស់នៅ និងបន្តការឧបត្ថម្ភគាំទ្រដល់ក្មួយៗកុមារកំព្រា នៅក្នុងមណ្ឌលនៃអង្គការពន្លឺអនាគតនេះជាដរាប។

លោក បាន លឹម បានមានប្រសាសន៍ថា ក្មួយៗត្រូវខិតខំរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងជ្រៅជ្រះ ដើម្បីអនាគតភ្លឺស្វាង និងណែនាំដល់ក្មួយៗឱ្យអនុវត្តអនាម័យស្អាតជានិច្ច ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “៣កុំ និង៣ការពារ”។

ក្នុងឱកាសនោះ លោក បាន លឹម ប្រគល់នូវអំណោយសប្បុរសធម៌របស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អេ អ ឌី ប៊ី និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត”រួមមាន ថវិកា, អង្ករ២តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដូចជា មី ទឹកត្រី និងទឹកស៊ីអ៊ីវ។

លោក នួន សុថេរ៉ូ ប្រធានអង្គការពន្លឺអនាគត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កៅ ថាច និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដែលតែងជួយឧបត្ថម្ភគាំទ្រជានិច្ចចំពោះអង្គការពន្លឺអនាគតក្នុងការចិញ្ចឹមបីបាច់ក្មួយៗកុមារកំព្រា ដែលបច្ចុប្បន្នដោយសាវិបត្តិនៃជំងឺកូវីដ-១៩ ឆ្លងរាលដាលចូលសហគមន៍ខ្លាំង អង្គការត្រូវបិទទ្វារ ធ្វើឱ្យជួបបញ្ហាខ្វះខាតស្បៀង ដូចជាអង្ករជាដើម ហើយក្នុងពេលនេះ លោកមានសេចក្តីសប្បាយរីករាយជាខ្លាំង ដោយទទួលបានស្បៀងទាន់ពេលសម្រាប់ក្មួយៗមានអាហារហូបចុកគ្រប់គ្រាន់ប្រចាំថ្ងៃជាបន្តទៀត៕