ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបាន ១៥៣ ៦៨៨ តោន

ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ នៃត្រីមាសទីមួយ ដើមឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបាន ១៥៣ ៦៨៨ តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារសហ រដ្ឋអាមេរិក។

របាយការណ៍ដដែលបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី និន្នាការនៃការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦ភាគរយ ធៀបនឹងខែកុម្ភៈ គឺកើនពី៤១ ៩៤៩ តោន នៅខែកុម្ភៈ មក ៧៧ ៤៦៦ តោន នៅខែមីនា ខណៈដែលខែកុម្ភៈធៀបនឹងខែមករា កើនបានត្រឹមតែ២២ភាគរយប៉ុណ្ណោះ។

សូមបញ្ជាក់ថា ត្រីមាសទី១ នៃឆ្នាំ ២០២១នេះ គឺជាឆ្នាំដែលមានការនាំចេញទាបជាងបណ្តាត្រីមាស នៃរយៈពេល៥ឆ្នាំចុងក្រោយ។ បញ្ហាចម្បងដែលជាកត្តានាំឱ្យការនាំចេញអង្ករកម្ពុជា ជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅ នៅក្នុងសហ គមន៍អឺរ៉ុប គឺកង្វះកុងតែន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង ៕