សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំអង្ករចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គិតត្រឹមរយៈពេល ០៣ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះប្រមាណ ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដោយសារកង្វះកុងតឺន័រ។ ប្រសិនបើការដឹកជញ្ជូន ត្រឡប់មកជាធម្មតាវិញ នោះការនាំអង្កចេញ យ៉ាងហោចណាស់ ក៏នឹងអាចមានកំណើន ប្រមាណ ២០ ភាគរយដែរ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឲ្យដឹថា ការកើនឡើងតម្លៃដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសអឺរ៉ុបកំពុងក្លាយជាឧបសគ្គធំសម្រាប់ផែនការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា បញ្ហាប្រឈមចម្បងរបស់យើងឥឡូវនេះគឺរឿងតម្លៃដឹកជញ្ជូនកំពុងបន្តឡើងលើសមុន ពិសេសតម្លៃដឹកជញ្ជូនទៅអឺរ៉ុប។
ចំណែក លោក យ៉ន សុវណ្ណ ប្រធានក្រុមហ៊ុន បាយ័ន សៀរាលបានឱ្យដឹងថា ការឡើងថ្លៃដឹកជញ្ជូនបានធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែង ព្រោះតម្លៃផលិតឡើងខ្ពស់។
លោក សុវណ្ណ បានបន្ថែមថា កង្វះទូកុងតឺន័របានក្លាយជាវិបត្តិសកលដែលប្រទេសនាំចេញភាគច្រើនកំពុងជួបប្រទះដូចយើងដែរ។ ខ្ញុំសង្ឃឹមថា បញ្ហានេះនឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។
ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុននាំចេញអង្ករ Signature of Asia លោក ចាន់ ពេជ្រ កាលពីចុងខែមុនបាននិយាយថា រនាំងដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញអង្ករពីកម្ពុជាគឺតម្លៃដឹកជញ្ជូនទៅអឺរ៉ុបដែលកំពុងបន្តហក់ឡើងខ្ពស់ខ្លាំង គឺចន្លោះពី ៤ ០០០ ទៅ ៥ ០០០ ដុល្លារក្នុង ១ កុងតឺន័រ (ប្រភេទ ២០ ហ្វីត) កើនពីចន្លោះ ៨០០ ទៅ ១០០០ ដុល្លារកាលពីឆ្នាំមុន ៕