ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ នាង ផាត ចូលរួមបេសកកម្មស្រង់នាវាចម្បាំងដែលលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ

 

កំពង់ចាម៖  អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជេីញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ។

លោក នាយឧត្តមសេនីយ៍ នាង ផាត បានឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិ សាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ នេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិ ការណ៍ ស្រង់នាវាចម្បាំងមួយនេះ មានគ្រាប់ប្រមាណ៩០ភាគរយ ដែលមានសភាពល្អ មិនទាន់ផ្ទុះ នឹងត្រូវដោះបន្សាប សម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ ដោយឡែក សល់បំណែកគ្រាប់១០ភាគរយទៀត ដែលជាគ្រាប់ខូច ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេច ចោល។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមទៀតថា ក្នុងកិច្ចការប្រតិបត្តិរុករក និងបោស សម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំង ជំនាញបានខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគ្រស្មាញ និងប្រឈមគ្រោះថ្នាក់បំផុស ព្រោះមិនដូចនៅលេីគោគ ។

សូមបញ្ជាក់ថា ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានសរុបប្រមាណជាង ១៦តោន ហេីយតាមការសន្និដ្ឋានចំនួន មនុស្សដែលស្លាប់មានប្រមាណចាប់ពី ៥ទៅ៨នាក់ក្នុងនាវាមួយនេះ៕