លោកសាស្ត្រាចារ្យ តាន់ វុទ្ធា ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបញ្ជាក់លើហ្វេសប៊ុកលោកថា ហេតុអ្វីបានជាចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី០២របស់ពិភពលោក លឿន ម្លេះ? ។
លោកបានពន្យល់ទៀតថា ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ០២របស់ពិភពលោក គឺផ្តើមចេញពីសិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង លើកំណែទម្រង់ពី«សេដ្ឋកិច្ចផែនការ» របស់ ចិនទៅជា «សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម»។
លោកសាស្ត្រាចារ្យ តាន់ វុទ្ធា បានរំលឹកថា លោក តេង ស៊ាវពីង ជាមេដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សុទិដ្ឋិនិ យម ក្លា ហាន ឈ្លាសវៃ និងហ៊ានទទួលខុសត្រូវ។ អ្វីដែល គេមិនអាចបំភ្លេចគឺ លោកតេង ស៊ាវពីង បានបន្សល់ទុកនូវសិល្បៈដឹកនាំ និងគតិបណ្ឌិតជាច្រើន ដែលមានលក្ខណៈពិសេស និងបាននាំមកនូវជោគជ័យលើកំណែទម្រង់“សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម”។
លើសពីនេះលោកថា ជនជាតិចិនបានប្រសិទ្ធនាមលោកថាជា “អគ្គស្ថាបត្យករ” នៃដំណើរការកែទម្រង់ បើកទ្វារទំនើបកម្ម និងធ្វើទំនើបកម្មគ្រប់វិស័យ។ ក្រៅពីសេដ្ឋកិច្ច, សិល្បៈដឹកនាំរបស់លោក តេង ស៊ាវពីង បានគ្របដណ្តប់លើវិស័យផ្សេងទៀត ដូចជា នយោបាយ យោធា និងការបរទេស ។
តាមរយៈនយោបាយសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយមនេះ, លោកបានបង្កើតនូវពាក្យស្លោក ដ៏ល្បាញល្បីជាច្រើនដូចជា៖
– «ឆ្មាស ឬឆ្មាខ្មៅ មិនសំខាន់ទេ ឱ្យតែវាចាប់កណ្ដុរបាន»
– «ភាពមានបានជាកិត្តិយស ដូចនេះយើងត្រូវអនុញ្ញាតឱ្យមនុស្សមួយចំនួនក្លាយទៅជាអ្នកមានជាមុនសិន ឬភាពក្រីក្រមិនមែនជាសង្គមនិយមទេ»
– «កុំគិតថាសេដ្ឋកិច្ចផែនការជាសង្គមនិយម ហើយសេដ្ឋកិច្ចទីផ្សារជាមូលធននិយម។ ផែនការ ឬទីផ្សារគ្រាន់តែជាវិធានការប៉ុណ្ណោះ។ សេដ្ឋកិច្ចផែនការ ឬសេដ្ឋកិច្ចទីផ្សារ មិនសំខាន់ទេ ឱ្យតែមានការអភិវឌ្ឍន៍»
នៅឆ្នាំ១៩៧៨, ប្រទេសចិនបានបើកចំហរទ្វារប្រទេសទៅកាន់ ពិភពលោក ហើយធ្វើកំណែទម្រង់ស៊ីជំរៅសេដ្ឋកិច្ច ដោយបង្កើតអោយមានរបបកម្មសិទ្ធិឯកជន និងសហគ្រាសឯកជន ហើយការដោះដូរទំនិញត្រូវធ្វើទៅតាមក្រឹត្យក្រមទីផ្សារសេរី។
ក្នុងវិស័យអប់រំវិញ, សាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេសបានចាប់ផ្តើមទ្វារទទួលសិស្ស-និស្សិត ហើយបានពង្រីកកម្មវិធីបច្ចេកទេស ។ និស្សិតចិនរាប់ម៉ឺននាក់ត្រូវបានបញ្ជូនទៅសិក្សានៅបរទេស។
ការអនុញាតអោយមានសហគ្រាសជន, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានអត្រាពន្ធទាប, ធនធនមនុស្សប្រកបដោយគុណភាព និងសំបូរបែប បានលើកទឹកចិត្តក្រុមហ៊ុនបរទេសធំៗសម្រុកចូលមកវិនិយោគនៅប្រទេសចិន ហើយសេដ្ឋកិច្ចចិនក៏ចាប់ផ្តើមមានកំណើនលឿនបំផុតមិនធ្លាប់មាន។
គឺមូលដ្ឋានទាំងនេះហើយ ដែលបានជំរុញប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក នាពេលបច្ចុប្បន្ន។
លោក តេង ស៊ាវពីង បាននាំប្រជាជនចិនដ៏ច្រើនមហិមាចេញផុតពីភាពអត់ឃ្លាន និងភាពក្រីក្រ ហើយបាននឹងកំពុងស្គាល់សម័យកាលអភិវឌ្ឍដ៏ត្រចះត្រចង់។
ត្រឹមតែជាងមួយទសវត្សរ៏ប៉ុណ្ណោះ ពោលគឺពីឆ្នាំ១៩៧៨ ដល់ដើមទសវត្សរ៏ទី៩០ ចិនបានបណ្តែតខ្លួនជាមហាអំណាចតំបន់ស្ទើរតែ ផ្តាច់មុខ ទាំងនយោបាយ យោធា និងសេដ្ឋកិច្ច និងក្លាយជាមហាអំណាចពិភពលោក ដែលមានទឹកមាត់ប្រៃលើឆាកអន្តរជាតិទៀត ។