ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​កម្ពុជាធ្វើ​ជាវា​​គ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ ស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បី វិបុលភាពរួម (Harnessing Frontier Technologies for Shared Prosperity”

លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុង កិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ ស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បី វិបុលភាពរួម (Harnessing Frontier Technologies for Shared Prosperity” នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺជាកិច្ចប្រជុំកំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ទាំងអស់ ១៩៥ ប្រទេស និងអង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។

លោក​រដ្ឋមន្ត្រីបានថ្លែង​​ថា ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាន និងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ហើយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការ ពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និង បរិយាបន្ន។

លោក​រដ្ឋមន្រ្តីមានប្រសាសន៍ថា យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យកាន់តែធំ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេស ជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា រួមមានអង្គការ UNCTAD មានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល ។

តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោ​បាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ទន្ទឹមនឹងនេះផងដែរ នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ នៃសន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 14) ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក (eTrade Readiness Assessment) ក្រោមការឧបត្ថមរបស់អង្គការ UNCTAD។

ការវិភាគនេះ មានសារៈសំខាន់ក្នុងការចង្អុលបង្ហាញភាពខ្វះខាត និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិកនៅកម្ពុជា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ ចំនួន ៧ រួមមាន គោលនយោបាយ និងយុទ្ធសាស្ត្រ, ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ICT, ការសម្របសម្រួល និងឡូជីស្ទីកពាណិជ្ជកម្ម, ដំណោះស្រាយលើការទូទាត់, ក្របខ័ណ្ឌនិងបទប្បញ្ញត្តិច្បាប់, ការអភិវឌ្ឍជំនាញ និងលទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ។

ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានដឹកនាំ និងចូលរួមការអភិវឌ្ឍ និងការធ្វើវិសោធនកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនរួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ ស្តីពីការប្រកួតប្រជែង, ច្បាប់ស្តីពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន, និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចឌីជីថលថ្មី ជាដើម ក្នុងគោលបំណងដើម្បីគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដោះស្រាយហានិភ័យផ្សេងៗពាក់ព័ន្ធទៅនឹង កិច្ចការពារទិន្នន័យ សន្តិសុខ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។

លោក​រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណ​ទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤។

ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០​២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃមេរោគកូវីដ-១៩។
ជាការឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានរៀបចំយុទ្ធសាស្រ្តពាណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅឆ្នាំ២០២០ ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យថ្មីមួយប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។

យុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈប្រទាក់ក្រឡា និងឆ្លើយតបទៅនឹងអនុសាសន៍ដែលមានកំណត់ក្នុងឯកសារយុទ្ធសាស្ត្រទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ ដើម្បីផ្តល់គំរូអាជីវកម្មថ្មីមួយប្រក​បដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈ​សមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ និងក្រោយវិបត្តិនេះផងដែរ។
ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញនូវគម្រោង Go4eCAM ក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) តាមរយៈជំនួសម្រាប់ពាណិជ្ជកម្ម (Aide for Trade) និងអង្គការ UNDP ក្នុងគោលបំណងដើម្បីទទួលបានផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសហគ្រាសមីក្រូ ធុនតូច និងមធ្យម ជាពិសេសសហគ្រាសដឹកនាំដោយស្ដ្រី និងយុវជន។

គម្រោងនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតរួមមាន ការទាញយកផលប្រយោជ​ន៍ពីទីផ្សារអនឡាញប្រភេទ B2B2C ការបង្កើនផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ ពង្រីកអាជីវកម្ម និងបង្កើតការងារថ្មីៗនៅកម្ពុជា។
ក្រៅពីនេះ កម្ពុជាក៏បានចូលរួមចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុង កិច្ចព្រមព្រៀង ពាណិ​ជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី រួមមាន កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក​របស់អាស៊ាន ជំពូក ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកិច្ចព្រមព្រៀងអាសិប និងជំពូក ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ។

សម្រាប់ ក្របខ័ណ្ឌពហុភាគី កម្ពុជាក៏បានតាមដានយ៉ាងដិតដល់លើវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសេច​ក្តី ថ្លែងការណ៍រួម ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)​ ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងធ្វើឱ្យវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់កម្ពុជា​កាន់តែស៊ីជម្រៅបានមួយកម្រិតទៀត។
លោក​​រដ្ឋមន្ត្រី បញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមកិច្ចសហ ប្រតិបត្តិការជាមួយ UNCTAD និងប្រទេសជាសមាជិក និងអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិច​តួច រួមមានកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។