សៀមរាប៖ អធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាបមួយរូប ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងពីអធិការរដ្ឋាននគរបាលស្រុកនេះចេញ ដោយចោទថា ពាក់ព័ន្ធករណីប្រព្រឹត្ដិអំពើពុករលួយ និងអសមត្ថភាពបំពេញការងារ។
ពាក្យបណ្ដឹងដែលដេលីខ្មែរទទួលបាននៅថ្ងៃទី១៩ខែតុលានេះ មានស្នាមមេដៃបានប្ដឹងឈ្មោះលោក លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងងមហាផ្ទៃ និង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាគ ស្នងការនគរបាលខេត្តសៀមរាប។
យោងតាមពាក្យបណ្ដឹងដដែលបានឱ្យដឹងថា លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាន នគរបាល ស្រុកប្រាសាទបាគង រួមនិងបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋផងដែរជាពិសេសពូកែគម្រាមទាប្រាក់ពីអ្នកលេងល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។
យោងតាមលិខិតបានបង្ហាញថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩ មកនោះគឺលោកបានធ្វើអោយមន្ដ្រីនគរបាលជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថាបើមន្ត្រីណាចេះអែបអបរូបគាត់ គាត់នឹងការពារ
យោងតាមប្រជាពលរដ្ឋនិងមន្រ្តីស្រុកប្រាសាទបាគង បាននិយាយថា លោក អធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំងនឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគងដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។
លើសពីនេះពលរដ្ឋបាននិយាយថា កន្លងមកកើតមាននូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាបបនល្បែងស៊ីសងហើយជំរិតទាប្រាក់ចំនួន២០០$ទៅ៣០០$ ក្នុងម្នាក់ ជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធតុលាកា? ។
លិខិតដដែលបានលើកឡើងថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះគឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បីជម្រឹតទាប្រាក់។
ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែលជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវាបានឡើយ។ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទអង់តែនដែលកំពុងតែដំឡើងនេះទាល់តែទិញតាម រយ:លោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់អនុញាត្តិអោយប្រើ។
បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បានអោយលោកមេឃុំ គ្រប់ឃុំតម្រូវអោយទិញវិទ្យុទាក់ទងយកមកប្រើក្នុងតម្លៃ៥០ ដុល្លា លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារតម្លៃខ្ពស់ហួសជាងទីផ្សារ។ចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំនិងមេភូមិ ដោយយល់ថាមេភូមិនិងមេឃុំមិនចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដរដកភូមិចេញ បើមិនចេះរណបខ្លួន។លោក លឹម សម្បត្ដិ ក៍មិនបានអនុវត្តទៅតាមគោលការណ៍និងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនផ្អែកតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ ។
មន្រ្តីដែលនិយាយសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា លោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេសកមកកសាងអង្គភាព។ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាលដែលបានបំពេញការងារជាច្រើនឆ្នាំកន្លងមកនោះ។ ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។
នៅថ្ងៃទី១៩ខែតុលានេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការពន្យល់ពីលោកអធិការស្រុកប្រាសាទបាគងបានទេ ជុំវិញការចោទប្រកាន់នេះ ។ចំណែក លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍តាមឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ ។លោកថា ក្រោយពីទទួលបានបណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវលើកបញ្ហានេះ។