(កំពង់ចាម)៖ ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនិងក្នុងនាម ថ្នាក់ដឹកនាំ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំអំណោយរបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ផ្តល់ជូនភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ សម្រាប់់ការអភិវឌ្ឍន៍។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងឧកញ៉ា ឡូវ ហ៉ឺង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៏ថ្លៃថ្លាបានឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែ មានប្រវែង ៧,៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច។
លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា« ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសម្រួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋលើសពីនេះទៀត នៅអមសង្ខាងផ្លូវ និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ូលឡាផងដែរ។ ដូច្នោះ ក្នុងនាមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩»។
លោកឧកញ៉ាមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននាំសន្តិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ក្នុងរបបវាលពិឃាត រហូតមកដល់ពេលនេះបានធ្វើឱ្យប្រទេសជាតិកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជាប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណៈភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។
អំណោយរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាម៉ាស់ និងថវិកាប្រមាណ ២៣,៥០០ដុល្លារ ដែលផ្តល់ជូនភូមិខ្ទឹង សម្រាប់ការអភិវឌ្ឍន៍ដោយមានការចូលរួមពីឧកញ៉ា ឡូវ ហ៉ឺង ឧបត្ថម្ភ២០,០០០ដុល្លារ, ឧកញ៉ា ជា លាងហុង និងភរិយា ២,០០០ដុល្លារ និងឧកញ៉ា អ៊ែល សារ៉ុម និងភរិយា ១,៥០០ដុល្លារ៕