នៅលើគណនេយ្យផេកហ្វេសប៊ុកមួយឈ្មោះ សូរ ផ្លាតុង អភិបាលស្រុកប្រាសាទបាគង បានបង្ហោះសារមួយ អមដោយសំណេរចាក់ដោត ពន្យល់ទៅកាន់មហាជនថា ថ្មីៗនេះ បន្ទាប់ពី បានអាន នូវខ្លឹមសារ និងការចុះផ្សាយ របស់សារព័ត៌មានរួចមក ក្នុងលិខិតអនាមឹក ដែលត្រូវបានគេយក មកផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ លើការ ដឹកនាំ របស់ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការរដ្ឋាននគរបាលស្រុកប្រាសាទគងរួចមក។
លោក សូរ ផ្លាតុង បានសរសេរទៀតថា ក្នុងនាម អភិបាល និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខ្ញុំបាទ សូមធ្វើការវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ លោកអធិការរូបនេះ និងសហការី ដែលតែងតែ ចូលរួមសហការ ជាមួយ គណៈបញ្ជាការឯកភាពស្រុក បានល្អប្រសើរ លើការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្សពផ្សាយអប់រំ ការងារបង្ការទប់ស្កាត់មេរោគកូវិដ-១៩ និង ការងារកសាងអង្គភាព ក៏ដូចជាការងារសហការល្អ ជាមួយអង្គភាពពាក់ព័ន្ធ ផងដែរ។
ក្នុងនោះ សម្រាប់ការងារ ភូមិឃុំមានសុវត្ថិភាព ក្នុងឆ្នាំ២០២០ កន្លងមក គណបញ្ជាការឯកភាពស្រុកយើងសម្រេចបាន សម្រាប់ឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង មានចំនួន០៦ឃុំទទួលបានជ័យលាភីលេខ០១ ក្នុងនោះ មានឃុំបល្ល័ង្ក ឃុំកន្រ្ទាំង ឃុំកណ្តែក ឃុំមានជ័យ ឃុំរលួស និងឃុំត្រពាំងធំ និងទទួលបានជ័យលាភីលេខ២ មានចំនួន០៣ឃុំ មានឃុំបាគង ឃុំអំពិល និងឃុំកំពង់ភ្លុក ដោយទទួលបានប័ណ្ណនិងលិខិតសរសើរ និងថវិកាជ័យលាភី ពីក្រសួងមហាផ្ទៃផងដែរ។
លោកបានពន្យល់ទៀតថា ក្រៅពីការងារ រក្សាសន្តិសុខ លោកអធិការរូបនេះនិងសហការី តែងតែចូលរួមយ៉ាងសកកម្មលើកិច្ចការងារមនុស្សធម៍ ជាមួយកាកបាទ ក្រហមស្រុក និងជួយសាងសង់ផ្ទះ ជូនបងប្អូនប្រជាពរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋាន។រៀបចំសាងសង់ អាគារផ្ទះបាយ អគារប៉ុស្តិ៍រដ្ឋបាល នៅឃុំកំពង់ភ្លុក ដើម្បីបម្រើសេវាសាធារណៈ និងរក្សាសន្តិសុខជូនពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈការគៀងគរ ពីសប្បុរសជន និងថវិកា ផ្ទាល់ខ្លួន ព្រមទាំងថ្នាក់ដឹកនាំ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានចូលរួម នូវថវិកា មួយចំនួនផងដែរ។
លើសពីនេះលោកអភិបាលស្រុកបានលើកឡើងថា«និយាយដល់ចំណុច ខ្ញុំក៏សូមលើកយក ករណីដំឡើងអង់តែន និង ហ្វ្រេកង់ វិទ្យុទាក់ទង ប្រភេទអ៊ុយថ្មី យកមកប្រើប្រាស់រួម សម្រាប់កម្លាំងនគរបាលស្រុក និងលោកមេឃុំទាំង៩ ព្រមទាំងថ្នាក់ដឹកនាំស្រុកប្រើប្រាស់ ដើម្បីទ្រទ្រង់សភាពការណ៍ អោយបានលឿនទូលំទូលាយ និងសន្សំសំចៃថវិកា ព្រោះនៅក្នុងស្រុកប្រាសាទបាគងយើងនេះតំបន់ខ្លះ មានសេវាទូរស័ព្ទខ្សោយ»។
លោកអភិបាលស្រុកនិយាយថា ការរៀបចំនេះ គឺមានការផ្តួចផ្តើមពី ខ្ញុំបាទផ្ទាល់ និងលោកអធិការស្រុក ដោយមានការឯកភាពគ្នាពីលោកមេឃុំទាំង៩ ធ្វើការរ៉ៃអង្គាសគ្នា គ្មានការបង្ខិតបង្ខំឡើយ ព្រោះកន្លងមក យើងប្រើប្រាស់ ប្រពន្ធ័វិទ្យុទាក់ទងចាស់ប្រភេទអាយកូម (Icon )ក៏មានការលំបាក ដោយសារ មានសម្លេងរំខានហើយ វិសាលភាពទាក់ទងគ្នាផ្លាស់ប្តូរព័ត៌មាន និង ការផ្សពផ្សាយ ក៏មិនបានឆ្ងាយទូលំទូលាយដែរ ។
ចំពោះសុខទុក្ខ របស់កងកម្លាំងវិញ រៀងរាល់សប្តាហ៍ លោកអធិការរូបនេះ តែងរាយការណ៍ មក គណៈបញ្ជាការឯកភាពស្រុក អំពីសុខទុក្ខកងកម្លាំង ជាប្រចាំរួមជាមួយសកម្មភាពចុះជួបសាកសួរសុខទុក្ខផ្ទាល់ផងដែរ ។ក្នុងនាម អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង ខ្ញុំបាទ និងចូលរួមសហការណ៍ ជាមួយក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ រកអោយឃើញ ការពិត និងយុត្តិធម៍ ជូនសាមីខ្លួន និង បងប្អូនប្រជាពលរដ្ឋផងដែរ ៕