កំពង់ចាម៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគ រមណីយដ្ឋានទេសចណ៍ទឹកឆា ដែលមានលោក ហេង សេងហ៊ួរ ជាដៃគូអភិវឌ្ឍ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាល លោកអភិបាលស្រុកព្រៃឈរ ស្រុកចំការលើ លោកប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។
បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យា ដែលដៃគូអភិវឌ្ឍត្រូវទទួលអនុវត្តឲ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះកាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្ត។អ
លោកភិបាលខេត្ត បានណែនាំដល់ដៃគូអភិវឌ្ឍឲ្យកែសម្រួលសោភ័ណភាព បរិស្ថាន សួនច្បារ រៀបចំខ្ចុះ ស្តារទំនប់ឡើងវិញ ការពារតំបន់រមណីយដ្ឋាន រៀបចំបញ្ចរ និងកំណត់តម្លៃឲ្យបានជាក់លាក់ រួមទាំងរៀបចំចំណតរថយន្តឲ្យបានត្រឹមត្រូវជាដើមផងដែរ។
គួរបញ្ជាក់ថា រមណីយដ្ឋានទឹកឆា គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ គួរជាទីទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ដែលរមណីយដ្ឋាននេះ មានផ្ទៃក្រឡាប្រមាណជាង៧១ហិកតា និងមានទីតាំងស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕