ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី តាមប្រព័ន្ធវីដេអូ

(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជា​មួយគណៈប្រតិភូអូស្រ្តាលី ដែលដឹកនាំដោយ ឯកឧត្តម Dan Tehan រដ្ឋមន្រ្ដីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្ដាលី តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ហើយ​​កិច្ចប្រជុំខាងលើនេះក៏ត្រូវបានចូលរួមដោយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ផងដែរ។
លោក​​រដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្កៅចំពោះ លោក Dan Tehan និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសអូស្ដ្រាលី ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើដំណើរការចាក់វាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយលោក​​រដ្ឋមន្រ្តីបានបញ្ជាក់ថាវ៉ាក់សាំងជាកត្តាដ៏សំខាន់​ក្នុងការជួយឱ្យកម្ពុជាបើកប្រទេសឡើងវិញបាន។
លោក​ Dan Tehan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងភាពជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក​​ Dan Tehan បានធ្វើការកត់សម្គាល់ផងដែរ លើទំហំពាណិជ្ជកម្មទ្វេភា​គីរវាងប្រទេសទាំងពីរ ដែលមានកំណើនជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក​​រដ្ឋមន្ដ្រីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលកម្ពុជា និងអូស្រ្ដាលីជាសមាជិក។

ក្នុងនោះ លោក​រដ្ឋមន្រ្ដី បានជម្រាបជូន ឯកឧត្តម Dan Tehan ពីការបញ្ចប់រួចរាល់នូវនីតិវិធីក្នុងស្រុកលើការផ្ដល់សច្ចាប័ននៃកិច្ចព្រមព្រៀងអាសិបរបស់កម្ពុជា ដែលព្រះមហាក្សត្រទ្រង់បានប្រកាសឱ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ។

ក្នុងកិច្ចជំនួបនេះដែរ លោក​​រដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២ ក្រោម​សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក​​រដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្ដៅពីភាគីពាក់ព័ន្ធ ជាពិសេស លេខាធិការដ្ឋានអាស៊ាន និងបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ានទាំងអស់ ពិតជាមានសារៈសំខាន់។
ភាគីអូស្រ្តាលីបានសាទរដល់កម្ពុជាក្នុងការទទួលបានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងបានបង្ហាញការគាំទ្រយ៉ាងកក់ក្ដៅ និងត្រៀម​ខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជាក្នុងការបំពេញតួនាទីដ៏សំខាន់នេះ។
លោក​​រដ្ឋមន្ដ្រី បានថ្លែងអំណគុណសារជាថ្មីដល់រដ្ឋាភិបាលអូស្រ្ដាលី ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់កម្ពុជា ដើម្បីគាំទ្រដល់ដំណើរការ ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសវិស័យពាណិជ្ជកម្ម។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។