ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២ ០២១នេះ តាមរយៈលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។

ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។

ក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុ តែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។

កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

លោក ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ តែជីវភាពក្នុងគ្រួសារមានការលំបាកដូច្នេះហើយបានជាសម្តេច ក៏ដូចជាសប្បុរសជនផ្សេងៗជាច្រើនបាន ជួយដល់ពួកគាត់ អាចឱ្យក្មេងប្រុសនេះ មានសម្ភារបានរៀនសូត្រ និងមានផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។

ជាមួយគ្នានេះ លោក ក៏បានណែដល់ឪពុកម្តាយរបស់កុមារ គង់ សីហា ត្រូវតែឱ្យកូនទៅរៀន ដោយខាងអាជ្ញាធរ និងជួយជ្រោម ជ្រែង។ ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធីជួយគាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។

សូមបញ្ជាក់ថា សម្រាប់ផ្ទះ២ខ្នងដែលសម្តេចផ្តល់ជូននេះ ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ គង់ សីហា ដែលមានជីវភាពខ្វះខាតដែរ៕

ដោយ ឃុត សៅ