ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនរងគ្រោះក្នុងអំពើចាប់មនុស្សដុតទាំងរស់នៅខេត្តព្រះសីហនុ សុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូយ ព្រោះមិនទុកចិត្តតុលាការ បន្ទាប់ពីតំណាងអយ្យការសុំដូរបទចោទ ពីធ្ងន់ទៅស្រាល

ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើចាប់មនុស្សដុតទាំងរស់នៅខេត្តព្រះសីហនុ សុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារមិនទុកចិត្តចៅក្រម ដែលគ្រោងប្រកាសលទ្ធផល នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានបញ្ចប់ការសួរដេញដោលសាក្សី ហើយក្រោយមកតំណាងអយ្យការចេញសេចក្តីសន្និដ្ឋានឲ្យដូរបទចោទ។

កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក​ ឆែ វិវឌ្ឍនៈ ដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី បានចាប់ផ្តើមដំណើរការសវនាការ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ ទើបសម្រេចបិទការសួរដេញដោល អំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ លី ស្រេង អាយុ៥០ឆ្នាំ ដែលបានចាក់សាំងដុតជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន់ អាយុ៣៨ឆ្នាំ ក្នុងវិវាទដីធ្លីកាលពីបីឆ្នាំមុន បង្កឲ្យបុរសនេះរលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។

លោក ស៊ុយ ប៊ុនថាន បាននិយាយនៅថ្ងៃនេះថា លោកនឹងដាក់ពាក្យសុំអន្តរាគមន៍ជួយរកយុត្តិនៅពេលឆាប់ៗខាងមុខនេះ។

សវនាការនាពេលនោះ មានលោកចៅក្រម កើត សាំង និងលោកចៅក្រម សុខ លី ជាសមាជិក ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ។ ​លោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឆែ វិវឌ្ឍនាៈ បានកំណត់ប្រកាសសាលក្រម នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ជនត្រូវចោទ លី ស្រេង មិនបានចូលខ្លួនទេ ដោយមានតែមេធាវីតំណាងពីររូប ព្រមទាំងមានសាក្សីដោះបន្ទុកប្រាំមួយនាក់ ហើយភាគច្រើនជាមន្ត្រី ខំនិយាយត្រឡប់ត្រឡិនខុសពីចម្លើយនៅដំណាក់កាលស៊ើបអង្កេត ដែលអ្នកខ្លះដោះសារថា ទៅមិនទាន់ហេតុការណ៍ រីឯខ្លះទៀត ដោះសារថា រវល់តែសែងធុងទឹកកកចុះឡើងៗ។

នៅចុងបញ្ចប់នៃសវនាការ លោក ពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្ត បានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ហើយស្នើឲ្យចៅក្រមដូរបទចោលលើឧក្រិដ្ឋជន គឺពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅជា «អំពើហិង្សាដោយចេតនា និងអំពើធ្វើឲ្យខូចខាតដោយចេតនា»។

លោក ស៊ុយ ប៊ុនថាន ដែលមានស្លាកស្នាមរលាកនៅដៃជើង និងដងខ្លួន បានរៀបរាប់ឡើងវិញ ដើម្បីប្រាប់ចៅក្រមឲ្យយល់ពីស្ថានភាពជាក់ស្តែងថា ខណៈពេលលោកកំពុងបញ្ជាអេស្កាវ៉ាទ័រ  ឧក្រិដ្ឋជន លី ស្រេង បានស្ទុះមកបើកទ្វារ ហើយជះសាំងដុត រួចបិទទ្វារទ្ទប់ ក្នុងចេតនាឲ្យឆេះស្លាប់តែម្តង។ ប៉ុន្តែក្រុមមន្ត្រីអនុវត្តច្បាប់ជាច្រើនទៀត បានជួយសង្គ្រោះជីវិត និងបញ្ជូនលោកទៅកាម់មន្ទីរពេទ្យ បានទាន់ពេលវេលា។

សូមរំឭកថា បុរសរងគ្រោះរស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។

ដោយសារអំពើយុត្តិធមឥនេះ​ បុរសម្នាក់រងគ្រោះរបួសខ្លួនមួយជួយជីវិតនេះ​ កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានប្តឹងប្រធានស្ថាប័នតុលាការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំបើកការសើបអង្កេតមក ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។

លោកបានជម្រាបប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងពាក្យបណ្តឹងនេះថា «នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហារឃោរឃៅ និងព្រៃផ្សៃបំផុត ដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង​​​ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្មោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនឧក្រិដ្ឋជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយ គឺបានបិទបាំងសំណុំរឿងឧក្រិដ្ឋជនជាក់ស្តែងនេះចោទតែម្តង»។

លោករំឭកជូនលោកបណ្ឌិត ឪម យិនទៀថ ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា «ភាពមិនប្រក្រតីជាប្រព័ន្ធរបស់លោកទាំង០៤នាក់ខាងលើ គឺបង្ហាញឲ្យឃើញថា​​​ មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹបសំណុំរឿងឧក្រិដ្ឋចោល មានចេតនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងះអូសបន្លាយទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិតពីរឆ្នាំ។

«អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី មេត្តាពិនិត្យចុះស៊ើបអង្កេតលើជនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើ ដោយក្តីអនុគ្រោះ។

«ឧក្រិដ្ឋជន លី ស្រេង ត្រូវតែជាប់គុក ទោះជាមិននៅតុលាការនេះក៏ដោយ តែនៅតុលាការកំពូល។ ស្លាប់មុនសាលក្រមស្ថាពរ ទើបរួចខ្លួន ខ្ញុំនឹងប្តឹងរហូតអស់ជីវិតរៀងៗខ្លួន។ សម្លាកលើខ្លួនខ្ញុំ គឺជាភស្តុតាង» លោក ស៊ុយ ប៊ុនថាន និយាយក្រោយបិទសវនាការ។

ចំណែកលោក កៅ ភូ មេធាវីការពារជនរងគ្រោះវិញ បានលើកឡើងថា ទោះបីកូនក្តីរបស់លោកជាជនក្រីក្រក៏ដោយ ហើយប្រសិនតុលាការមិនដូរបទចោទពីធ្ងន់ទៅស្រាលទេ ឧក្រិដ្ឋជន លី ស្រេង អាចជាប់គុករហូតដល់១៥ឆ្នាំ៕