(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១រៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានសាខាក.ប.ប. ទាំង ២៥ រាជធានី-ខេត្ត ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនេះ នឹងត្រូវធ្វើឡើងបន្តបន្ទាប់ចំនួន ៨វគ្គ ដោយនឹងត្រូវបណ្តុះបណ្តាលជូនមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ទទួលបានមូលដ្ឋាននៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ ។
ដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។
គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ្តុះបណ្តាលនេះនឹងដើរតួជាវេទិការមួយដើម្បីឱ្យមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីច្បាប់ថ្មីនេះ ដែលនាពេលខាងមុខនេះមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងក្លាយជាមន្ត្រីស៊ើបអង្កេត និងការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង ។
ក្នុងការអនុវត្តច្បាប់ចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច និងធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ចពាក់ព័ន្ធនឹងការរារាំង រិតត្បិតឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាទោះបីសកម្មភាពនោះមានប្រភពនៅក្នុងឬក្រៅប្រទេសក៏ដោយ។