ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយមានរបៀបវារៈមួយចំនួនដូចខាងក្រោយ៖
១-ប្រកាសទទួលស្គាល់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលទទួលរមណភាព។
២- បោះឆ្នោតជ្រើសតាំង កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភាជំនួស កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលទទួលរមណភាព។
៣-បោះឆ្នោតជ្រើសតាំង លោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ខសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕