ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បារាំង​សន្យា​ជំរុញ​ឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹង ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារបន្តទៀតជាមួយ លោក​ ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯករដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

អគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចតេជោថា  លោក​​ពិតជាមានកិត្តិយស និងមានសេចក្ដីរីករាយជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាឈានឆ្ពោះមកកាន់ការអភិវឌ្ឍន៍យ៉ាងខ្លាំងនាពេលនេះ ហើយក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលនាំអោយព្រះរាជាណាចក្រកម្ពុជា បានបើកព្រំដែនឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរឲ្យកត់សម្គាល់ និងទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។
លោក​ បានបន្ថែមថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំង ការបើកដំណើរការប្រទេសឲ្យមានលំហូរសេដ្ឋកិច្ចឡើងវិញ ទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។
លោក​អគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបរយៈពេល១ថ្ងៃ មុនកិច្ចប្រជុំអាស៊ី-អ៉ឺរ៉ុប ។

លោក​​ទូតបានជម្រាបជូនសម្តេចតេជោថា លោក​ ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខនេះ ។ ដោយឡែកនៅឆ្នាំក្រោយនេះ កម្ពុជា នឹងធ្វើជាប្រធានអាស៊ាន បារាំងនឹងធ្វើជាប្រធានប្ដូរវេន ក្នុងន័យនេះ លោក​ ហ្សាក់ ប៉ឺឡេ មានប្រសាសន៍ថា លោក​នឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង រវាងអាស៊ាននិងអឺរ៉ុបផង ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម ផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។
សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះ លោក​​ ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោ​បាយវ៉ាក់សាំងរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមរបស់ឯកឧត្តម ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជា ធ្វើជាប្រធាននៅថ្ងៃស្អែកនេះ ។
សម្តេចតេជោ ក៏បានយល់ស្របជាមួយ លោក​​ ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិ​បត្តិ​ការទ្វេភាគី កម្ពុជានិងបារាំង គប្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យ ដែលអាចធ្វើទៅបាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង E.U សម្ដេចតេជោ បានយល់ស្របនឹងលោក​ គឺអាស៊ាន និង E.U គប្បីណា សហការគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឲ្យបានប្រកបដោយបរិយ៉ាប័ន និងដោយស្ថិរភាព ៕