ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលនៃការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ

ខេត្តស្វាយរៀង ៖អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន​វានុវត្តន៍ខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងអោយបានជ្រាបថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើប​តែ​សម្រេចបានប្រមាណ៤៤% ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពររបស់ប្រជាពលរដ្ឋ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយ៍បូមទឹកឆៅ ១កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង)។

ការសាងសង់ស្ថានីយ៍បូមទឹកឆៅនេះ ត្រូវការចាក់អាចម៍ដីបំពេញជាបណ្តោះអាសន្នសិន ដើម្បី​សម្រួលដល់ការដឹកជញ្ជូនសម្ភារៈចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយ៍បូមទឹក​ឆៅ​(intake)បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ចំពោះអាចម៍ដីដែលបានចាក់ចូលទៅក្នុងទន្លេសម្រាប់បម្រើឱ្យការដ្ឋានខាងលើនឹងត្រូវយកចេញវិញទាំងអស់នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់១០០%។
ដូចជម្រាបជូនខាងលើនេះ អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀងបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំក្នុងអំឡុងពេលការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោដើម្បីសាងសង់ស្ថានីយ៍បូមទឹកឆៅ៕


ដោយជា រដ្ឋា