(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះបានចូលរួមការពារសេចក្តីព្រាងច្បាប់ចំនួនបីជាមួយគណៈកម្មការទី៩នៃព្រឹទ្ធសភា ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូនិងដឹកនាំដោយ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩។
សេចក្ដីព្រាងច្បាប់ទាំងនោះ រួមមាន៖ សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ជាកិច្ចចាប់ផ្តើម ប្រធានគណៈកម្មការទី៩បានជម្រាបអង្គប្រជុំថា គណៈកម្មការទី៩ នៃព្រឹទ្ធសភាបានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ទាំងបីខាងលើរួចរាល់ហើយ ព្រមទាំងបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើសេចក្តីព្រាងច្បាប់ទាំងនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជម្រាបបន្ថែមជូនគណៈកម្មការជំនាញទី៩ នៃព្រឹទ្ធសភា អំពីខ្លឹមសារ និងអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជានឹងទទួលបានពីសេចក្តីព្រាងច្បាប់ទាំងនេះ ដោយក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជ កម្ម នឹងលើកកម្ពស់និងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូនមានតម្លាភាពនិងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។
ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពា ណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំង បង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។
រដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងលិខិតបទដ្ឋានគតិយុត្ត និងច្បាប់នានាសំដៅកែលម្អនូវបរិយាកាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញតាមរយៈការទាញយកប្រយោជ ន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមា ជិក ព្រមទាំងចរចាទីផ្សារបន្ថែម បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងដែរថា សេចក្តីព្រាងច្បាប់សំខាន់ៗទាំងបីខាងលើ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ បង្កើនកំណើនសេដ្ឋកិច្ច និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ដោយពុំមានការកែសម្រួលបន្ថែមនោះទេ ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខដើម្បីពិនិត្យ និងអនុម័ត៕