ខេត្តស្វាយរៀង:ក្រុមពលរដ្ឋនិងមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍បានលើកឡើងថា ចាប់តាំងពីអំឡុងដើមខែវិច្ឆកា ឆ្នាំ២០២១រហូតមកដល់ដើមខែមករាឆ្នាំ២០២២នេះ ឈ្មួញទាំងធំទាំងតូចបានសម្រុកនាំគ្នាចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកមួយនេះយ៉ាងគំហុកតែម្តង។
លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ត្រូវពលរដ្ឋនិងក្រុមឈ្មួញបាននិយាយថា កំពុងតែប្រមូលលុយតាមរបៀបពុករលួយបានមិនតិចឡើយ ព្រោះគ្មានឈ្មួញណាអាចរំលងលោក ប៉ាង ឡេង បានឡើយ។
ឈ្មួញទាំងធំទាំងតូចបានត្អូញត្អែឲ្យដឹងថា ពួកគាត់បង់លុយតាមការកំណត់របស់លោក ប៉ាង ឡេង ទើបអាចជញ្ជូនទំនិញឆ្លងកាត់ពីដីយួនចូលដីខ្មែរបាន ហើយនរណាក៏ខ្លាចលោក ប៉ាង ឡេង។
បើតាមព័ត៌មានពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងគំហុក គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍។
លើសពីនេះ ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ប៉ាង ឡេង ទេនោះ គឺមិនអាចដឹកជញ្ជូនទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបានឡើយ ហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោក ប៉ាង ឡេង បានទេ។
លោក ប៉ាង ឡេង រង់ការចោទប្រកាន់អាចប្រព្រឹត្តពុករលួយទៅយ៉ាងរលូនគឺដោយសារមានកិច្ចសហការជាមួយលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តអំពើពុករលួយ។
ព័ត៌មានស្និទ្ធនឹងលោក ប៉ាង ឡេង បានលើកឡើងថា ដោយសារអាងមានខ្នងបង្អែករឹងមាំដើម្បីជួយការពារនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ទើបបុគ្គល ប៉ាង ឡេង ម្នាក់នេះហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនកាងឈ្មួញនាំទំនិញចូលពីស្រុកយួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនត្រូវបណ្តែតបណ្តោយរឿងនេះតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយរបស់បុគ្គល ប៉ាង ឡេង នេះត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
ក្រុមមន្ត្រីមួយចំនួនបង្ហើបថា ដោយសារអាងមានលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាខ្នងបង្អែកការពារដ៏រឹងមាំនេះហើយទើបលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ មិនដែលញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តអំពើពុករលួយ។