ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្ររះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីថ្ងៃទី១០ខែមករាថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។
សម្តេចតេជោបានមានប្រសាសន៍ថា«កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។
ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា« ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ»។
ក្នុងឆ្នាំ២០២២នេះ គឺជាខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង។ ដើម្បីអបអរសាទរនៃទំនាក់ទំនងនៃប្រទេសទាំងពីរនេះជប៉ុន និងកម្ពុជា។
លើសីនេះក៏មានរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន ក្នុនោះ កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យការធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។