ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) អបអរសាទចំពោះ​​ សម្តេចតេជោ ដែល​​ទទួលជោគជ័យ ទៅនឹងការជម្រុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល(UPF) ចូលជួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូអនឡាញ( Video Conference)។
លោកបណ្ឌិត យុន យ៉ុងហូ បានជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា អង្គការសហ​ព័ន្ធសន្តិភាពសកល (UPF) សូមវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានកាន់ជាប្រធានអាស៊ានឆ្នាំ២០២២ ហើយក៏ស្វាគមន៍ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលចាត់ទុកថា ជាទស្សនកិច្ចសន្តិ​ភាព ហើយសូមស្វាគមន៍ និងអបអរសាទនៃសមិទ្ធផលជោគជ័យពាក់ព័ន្ធទៅនឹងការជម្រុញ​បទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២នៅមីយ៉ាន់ម៉ា។
លើសពីនេះ​ ការគាំទ្រប្រេសិតពិសេសប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភា​គីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្ដល់ជំនួយមនុស្សធម៌ ដែលការងារនេះអាច​ចាត់​​​ទុកថា ជាផ្លែផ្កានៃដំណើរអញ្ជើញរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា។
លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានគាំទ្រសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានទស្សនៈនូវសន្តិភាព។
ក្នុងឱកាសនេះ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានរាយការណ៍ជូនសម្តេចតេជោ អំពីការត្រៀមរៀបចំកិច្ចប្រជុំពិភពលោកឆ្នាំ ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារតែសម្ដេចតេជោនាយករដ្ឋមន្ត្រីគឺជាសហប្រធានគណៈកម្មការរៀបចំ នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។
នៅក្នុងជំនួបនេះដែរ លោកបណ្ឌិតអគ្គនាយកសហព័ន្ធសន្តិភាពសកល ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីការត្រៀមរៀបចំនៅពេលប្រជុំនេះនៅខែកុម្ភៈឆ្នាំ២០២២ ដោយក្នុងនោះក្នុងគណៈកម្មការរៀបចំក៏បានអញ្ជើញ លោក​​ បាន គីមមូន អតីតអគ្គលេខាធិការអង្គការ​សហប្រជាជាតិ ចូលរួមកិច្ចប្រជ៉ំផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ លោកបណ្ឌិតបានរាយការណ៍ជូនសម្ដេចតេជោហ៊ុនសែនថា បានត្រៀមលក្ខណៈរួចរាល់ហើយ ជាពិសេសនឹងមានការចូលរួមជាច្រើនភាគី ពីប្រទេសកូរ៉េ និងជុំវិញពិភពលោក រួមទាំងថ្នាក់ដឹកនាំដែលកំពុងកាន់អំណាច និងអតីតថ្នាក់ដឹកនាំផងដែរ ហើយមានការចូលរួមពីបណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ប្រមាណ៣៥០០ប្រព័ន្ធ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ នៃកិច្ចប្រជុំកំពូលនាពេលខាងមុខ។
លោកបណ្ឌិតក៏បានរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ការចូលរួមពីបណ្ដាតំណាងប្រទេស១៥៧ប្រទេស ដែលមានស្ថានទូតដែលប្រចាំនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយប្រជាពលរដ្ឋជុំវិញពិភពលោកនឹងចូលរួមតាមប្រព័ន្ធអនឡាញ។
លោកបណ្ឌិត អគ្គនាយកសហព័ន្ធសន្តិភាពសកល ក្នុងនាមលោកជំទាវ ហាក់ ចាហាន់ បួន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ក៏បានអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកម្មវិធីផ្ទាល់នៅថ្ងៃទី១២ ១៣ ខែកុម្ភះ ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពទទួលនៃការអញ្ជើញចូលរួម។
ក្រៅពីនេះ លោកបណ្ឌិតក៏បានស្នើសុំសម្ដេចតេជោហ៊ុនសែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ពាក់ព័ន្ធអំពីកិច្ចប្រជុំកំពូលស្តីពីសន្តិភាព ជាពិសេសនៅឧបទ្វីបកូរ៉េ ដោយសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីទស្សនទានរបស់អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក សម្តេចតេជោបញ្ជាក់ថា ត្រូវមានគោល​ការណ៍ ៣នៅក្នុងការងារ គោលការណ៍៣យ៉ាងដែលត្រូវបានគាំទ្រ÷
ទី១) ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិកត្រូវតែមានគោលដៅគាំទ្រសន្តិភាព និងការអភិវឌ្ឍ
ទី២) មិនត្រូវប្រឆាំងនឹងក្រុមណា ឬប្រទេសណាឡើយ
ទី៣) គឺត្រូវតែគាំទ្រអាស៊ាន និងទស្សនទានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក៕