បន្ទាយមានជ័យ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចគយ នៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ដែលធ្វើឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
ការបង្ក្រាបបទល្មើសឃាត់បានរថយន្ត០១គ្រឿង ម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ សៀមរាប៣A-១៥៥២ ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូក ចំនួន១២កេស ស្មើនឹង៧៩០គ.ក្រ លួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅតាមបណ្ដាខេត្ត។
មន្រ្តីជំនាញនិយាយថា ឃាត់ចាប់លើជាតិត្រង់ចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ។
ជាក់ស្ដែងមន្រ្តីជំនាញបានពិនិត្យឃើញថា ផលិតផលមានដើមកំណើតពីសត្វជ្រូកសរុបចំនួន១២កេស ស្មើនឹង៧៩០គ.ក្រ នេះមានការប្រែប្រួលសភាពដើមមានក្លិនស្អុយ និងខូចគុណភាព មន្រ្តីពាក់ព័ន្ធបានឯកភាពគ្នាធ្វើការដុតកម្ចេចចោលតាមវិធានបសុពេទ្យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។