ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ដែលជប៉ុនផ្តល់ប្រាក់កម្ចីប្រមាណ ១៨៥លានដុល្លារបន្ថែម ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។
ពិធីចុះហត្ថលេខាប្រគល់-ទទួលប្រាក់កម្ចីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម៕