ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដង្ហើយហៅរកយុត្តិធម៌ បន្ទាប់ពីឈ្មួញ និងមន្ត្រីខិលខូចនៅក្នុងមូលដ្ឋាន គៃបន្លំយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យលផល ជាច្រើនឆ្នាំកន្លងហើយ ប៉ុន្តែនៅតែមិនអាចទទួលសិទ្ធិជាម្ចាស់ ខណៈអាជ្ញធរ និងសាច់ញាតិមន្រ្តីជំនាញសូរិយោដី មានឈ្មោះជំនួសទៅវិញ។
ប្រជាពលរដ្ឋខាងលើនេះ មានស្រុកកំណើត និងទីលំនៅ នាភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
អ្នកស្រី សេន ម៉េត អាយុ៥៦ឆ្នាំ បាននិយាយរំឭកពីសាវតានៃដំណើររឿងអយុត្តិធម៌ ដែលខ្លួនធ្លាប់ឆ្លងកាត់ និងកំពុងតែឈឺចាប់ ដោយលើកឡើងថា អ្នកស្រីបានកើត និងរស់នៅក្នុងភូមិនេះ តជំនាន់ពីជីដូនជីតា ហើយបានធ្វើចម្ការដាំដំណាំងលើដីរបស់ខ្លួន ប៉ុន្តែមន្ត្រីក្នុងជួររាជរដ្ឋាភិបាល គឺជាអ្នកមានឈ្មោះជាម្ចាស់ទៅវិញ។
អ្នកស្រីបាននិយាយថា «បើមិនវាស់វែងឲ្យទេ ទុកដីនៅទីហ្នុងទៅ ប៉ុន្តែខ្ញុំតែមិនអស់ចិត្ត ព្រោះមន្ត្រីរាជការហេតុអីធ្វើ [ប័ណ្ណកម្មសិទ្ធិបាន] និងលក់បាន។ ត្រង់ប្រជាជនរស់នៅទីនេះ មានប្លង់ មានឯកសារកាន់កាប់ ហេតុអីលក់មិនបាន? ថាដីព្រៃ ដីភ្នំ ដីខ្ពស់ ដីឧទ្យាន តែចុងក្រោយមក មានឈ្មោះសុទ្ធតែមន្ត្រីរាជការមកពីឆ្ងាយ»។
អ្នកស្រី សេន ម៉េត បាននិយាយដោយហួសចិត្តថា «ពួកខ្ញុំមិនចេះលួច ចេះប្លន់ឯណា យកប្លង់ឯណាមកធ្វើកើត! ពួកខ្ញុំសុទ្ធតែជាប្រជាជនក្នុងស្រុក សុទ្ធតែមនុស្សគណបក្សប្រជាជន ហើយស្រលាញ់ឪពុកម្តាយតែមួយ [សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី]។ ខ្ញុំសំណូមពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ជាក្រសួងស្ថាប័នអ្វីក៏ដោយ ដែលជាឪពុកម្តាយសូមជួយរកយុត្តិធម៌ឲ្យផង»។
ចំណែកអ្នកស្រី មឿន យិន ដែលបានកើត និងរស់នៅក្នុងភូមិនេះ អស់រយៈពេលជាង៧៦ឆ្នាំ បានមានប្រសាសន៍ថា អ្នកស្រីពិតជាបានកាប់ចម្ការតជំនាន់ពីដូនតា ប៉ុន្តែពេលនេះ អ្នកស្រីមិនអាចចូលទៅអាស្រ័យផលលើដីរបស់ខ្លួនទៀតឡើយ ដោយសារក្រុមហ៊ុនឯកជន បានអះអាងថា ជាម្ចាស់ និងមានប័ណ្ណសម្គាល់កម្មសិទ្ធិ ចេញដោយអាជ្ញាធរមូលដ្ឋាន។
អ្នកស្រីបានរំឭកថា «ដីមួយកន្លែង ធ្វើចម្ការម្តងមានរយៈពេលពីរទៅបីឆ្នាំឯហ្នុះ តែឥឡូវធ្វើអត់បានទេ។ គេយកអស់ហើយ»។
ប្រជាពលរដ្ឋបានអះអាង កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីសាលាខេត្តព្រញសីហនុ បានកោះហៅពួកគាត់ ដើម្បីសួរដេញដោលករណីវិវាទដីធ្លី ដែលនៅពេលនោះ ឯកសាររបស់ពួកគាត់ត្រូវបានដកហូត និងមិនប្រគល់ឲ្យវិញឡើយ។
យោងលិខិតអញ្ជើញចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោក ឌឹម វី នាយករដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា សមាសភាពមន្ត្រីជាន់ខ្ពស់១៥រូប នៅក្នុងខេត្ត រួមទាំងមេធាវីប្រចាំសាលាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីររៀបចំដែនដីខេត្ត អភិបាលស្រុកព្រៃនប់ អភិបាលស្រុកកំពង់សិលា ជាដើម គឺជាអ្នកដឹកនាំដោះស្រាយវិវាទដីធ្លីនេះ។
លោក អ៊ី ធារិន នាយកទីចាត់ការអន្តរវិស័យខេត្តព្រះសីហនុ និងមានឈ្មោះជាសមាជិកក្រុមដោះស្រាយវិវាទដីខាងលើ បានបដិសេធចំពោះការអះអាងពីពលរដ្ឋថា ក្រុមមន្ត្រីខាងលើ បានដកហូតយកឯកសាររបស់ពួកគាត់ ប៉ុន្តែទទួលស្គាល់ថា គឺគ្រាន់តែយកទៅថតចម្លង ដើម្បីពិនិត្យរកវិធីដោះស្រាយ។
លោកបានមានប្រសាសន៍ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ថា «ខេត្តមិនដែលទៅដកហូតយកឯកសាររបស់ពួកគាត់ទេ ដោយគ្រាន់តែឲ្យពួកគាត់យកឯកសារច្បាប់ដើមមកបំភ្លឺក្រុមការងារ។ ក្រុមការងារហ្នឹង គឺចម្រុះ មានអាជ្ញាធរស្រុក មេធាវី មានទាំងពីមន្ទីរអធិការកិច្ច។ យើងធ្វើការជាក្រុមការងារ។ អ៊ីចឹង ឥតមាននរណាទៅកឯកសារទេ»។
ពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ចំពោះអ្នកភូមិទាំងនេះ ទាំងលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា និងលោក ផុង គា មេឃុំកំពង់សិលា មិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ៕