ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.» រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

(ខេត្តកំពង់ចាម)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) និងអង្គការALIVE & THRIVE/FHI360 នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២​០២២បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ ក្រោមអធិប​តីភាព លោក​​ ឌឹម ថេង អគ្គនាយករង តំណាង លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួនពីរថ្ងៃ គឺថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ជិន សេដ្ឋា តំណាងអង្គការ ALIVE & THRIVE/FHI360 និងលោក ជុំ វាសនា តំណាងអង្គការហេឡែនខេលល័រអន្តរជាតិ(HELEL KELLER INTL) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រួមជាមួយលោកប្រធាន អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ដែលមកពីខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោក​​ ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. សូមថ្លែងអំណរគុណតំណាងអង្គការទាំងពីរដែលតែងសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គបណ្ដុះបណ្ដាលលើការអនុវត្តន៍អនុក្រឹត្យស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ នាពេលកន្លងមក។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីពង្រឹងចំណេះដឹងនិងការកសាងសមត្ថភាពលើការការពង្រឹងការអនុវត្ត និងការតាមដានត្រួតពិនិត្យអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១ ស្តីពីការផ្សព្វផ្សាយផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ។
វគ្គបណ្ដុះបណ្ដាលនេះមានការចុះត្រួតពិនិត្យនិងអនុវត្តផ្ទាល់ដោយសិក្ខាកាមដែលបានអញ្ជើញមកចូលរួម នៅតាមបណ្ដាផ្សារទំនើបក្នុងខេត្តកំពង់ចាម ដើម្បីស្វែងរកចំណុចមិនអនុលោមភាពនៅលើសំបកកំប៉ុងម្សៅទឹកដោះគោគ្រប់ម៉ាកផងដែរ។