ព្រះសីហនុ៖ អស់រយៈពេលជិត ២ឆ្នាំ ហើយ តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចឲ្យការផ្អាកការសាងសង់ និងរុះរើសំណង់ ដីមួយកន្លែងមានទំហំជាងពីរហិកតា នៅចំណុចអូរអារ៉េវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ ប៉ុន្ដែត្រូវបានអ្នកមានទ្រព្យមិនខ្វល់អើពើចំពោះសេចក្ដីជូនដំណឹងនោះទេ ទុកហាលងៀត ដោយពួកគេមិនព្រមផ្អាក និងរុះរើ ថែមទាំងធ្វើសកម្មភាពសាងសង់ឃ្លាំងថែម ផ្គើនថែមទៀត។
ប្ដីប្រពន្ធ ជាអ្នកមានទ្រព្យ ឈ្មោះ គិត ប៊ុន និង ឡឹក លក្ខិណា បានចូលទៅកាន់កាប់ទាំងបំពានច្បាប់ និងសេចក្តីសម្រេចផ្សេងៗរបស់រដ្ឋ ដោយគេសំអាងលើបណ័្ណស្លាបមាន់មួយ លេខ A១-៩១១ ឆ្នាំ១៩៩៣ ដែលទីស្តីការគណៈរដ្ឋមន្ត្រី បាននិរាករណ៍លុបចោលអស់តាមលិខិត លេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩។
ក្រោយពីចូលទៅកាន់កាប់សាងសង់ឃ្លាំង ទាំងបំពានច្បាប់យ៉ាងគឃ្លើនរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ឲ្យការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយ ដែលបានសាងសង់ និងកំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្ត បានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
យោងលិខិតជូនដំណឹងលេខ ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបមកលោក គិត ប៊ុន និងលោក ស្រី ឡឹក លក្ខិណា ជាប្ដីប្រពន្ធមានអាសយដ្ឋាន ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ គឺបង្ខំឲ្យរុះរើដោយមិនលើកលែងឡើយ។
សេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា «ផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយ ដែលបានសាងសង់ និងកំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្ត បានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងករណី លោក និងលោកស្រី មិនអនុវត្តតាម រដ្ឋបាលខេត្ត នឹងចាត់វិធានការតាម នីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីឡើយ។ អាស្រ័យហេតុនេះ សូមលោក និងលោកស្រី អនុវត្តតាមខ្លឹមសារខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់»។
ក្រោយពីមានសេចក្តីជូនដំណឹងខាងលើហើយ ខេត្តមិនបានចុះអនុវត្តន៍ តាមការសម្រេចរបស់ខ្លួន បានក្លាយទៅជារឿងអាថកំបាំងទៅវិញ ដោយគ្មានអ្នកដឹងសូម្បីតែអ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុ ក៏មិនហ៊ានឆ្លើយដែរ។
រឿងនេះកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទ ដោយលើកឡើងថា «បានតែថា ធ្វើមិនកើត។ ធ្វើបានតែប្រជាពលរដ្ឋទន់ខ្សោយ តែអ្នកមានទ្រព្យវិញ អត់ហ៊ាន !?» តាំងពីដើមឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២២។
ករណីនេះ មហាជនបាននិងកំពង់ទន្ទឹងរង់ចាំមើលការអនុវត្ដច្បាប់របស់រដ្ឋបាលខេត្ដព្រះសីហនុ ថា មានតម្លាភាព និងគណនេយ្យភាពដែរឬទេ !?៕