កណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាព្រះរាជធិបតី និងគណៈអធិបតី ក្នុងពិធីពិធីបញ្ចុះបឋមសិលាកសាង អគារសាកលវិទ្យាល័យ សាខាថ្មី ក្នុងទឹកដីខេត្តកណ្តាល។
ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លើផ្ទះដីជាងមួយហិកតានេះ គឺស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយក៏ជាពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យពីពុទ្ធសាសនិកនានា ដោយមានការអញ្ជើញចូលរួមពីលោក វៃ សំណាង អភិបាលខេត្តកំពង់ស្ពឺផងដែរ។
សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីការាយការណ៍អំពីគម្រោងសាងសង់ថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ១៣.៥៨០ម៉ែត្រក្រឡា មានកម្ពស់ប្រាំមួយជាន់ មានរាងជាអក្ស អ៊ុយ (U) មានបន្ទប់សិក្សាចំនួន ៧២បន្ទប់ បន្ទប់រដ្ឋបាល១៧ បន្ទប់សាលប្រជុំពីរ បន្ទប់ ដែលអាចផ្ទុកមនុស្សបានចំនួន១០២០នាក់ មានអាហារដ្ឋានមួយកន្លែងកន្លែង ចំណតយានយន្តមួយកន្លែង។
សម្ដេចមង្គលទេពាចារ្យ បានសង្ឃដីកាទៀតថា
គម្រោងសាងសង់សកលវិទ្យាល័យ សម្តេចព្រះ បួរ គ្រី នឹងចំណាយថវិកាចំនួន៤.០៥៣.០០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនទាន់គិតបញ្ចូលសម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។
មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត និងយុវជនខ្មែរ មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវស្វែងរកចំណេះដឹងនៅទីនេះ។
លោកអភិបាលខេត្ត បានបន្តថា អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋអាចរស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដាក់ចេញឲ្យអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។
លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា
ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ដូច្នេះយើងទាំងអស់គ្នា សូមគោរពអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ គោរពដឹងគុណ ស្ថាបនិកមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឲ្យកើតមាននូវសមិទ្ធផលជាច្រើនបម្រើឲ្យផលប្រយោជន៍សាធារណៈ៕