ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពតសុំតុលាការបន្តដាក់គុកឧកញ៉ាអតីតខ្មែរក្រហម ប៉ែន នួន និងតាមរកជនសំគំនិត

កំពត៖ តំណាងប្រជាពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពត ដែលចាញ់បោកឧកញ៉ាអតីតទាហានខ្មែរក្រហមកំពុងជាប់គុក នាថ្ងៃនេះ បានដាក់ពាក្យបណ្តឹងទាមទារឲ្យតុលាការខេត្តបន្តដាក់គុកជនឆបោកបន្តទៀត ដើម្បីធានាដល់ដំណើរការស្វែងរកយុត្តិធម៌។

ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដែលមានស្នាមមេដៃតំណាងបីនាក់នៃជនរងគ្រោះ២២៦គ្រួសារ បានសំណូមពរដល់លោក លាង សំណាត់ ប្រធានតុលាការខេត្តកំពត បន្តឃុំខ្លួនឧកញ៉ាត្បាញអាយឈ្មោះ ប៉ែន នួន អាយុ៤៦ឆ្នាំ នៅក្នុងពន្ធនាគារខេត្ត និងបន្តស៊ើបអង្កេតរកជនពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីនាំខ្លួនមកដាក់គុកដែរ ពីបទសំគំនិតក្នុងអំពើឆបោក និងរំលោកទំនុកចិត្ត។

នៅក្នុងពាក្យបណ្ដឹង  ដែលដេលីខ្មែរទើបទទួលបាន បានសរសេរថា «ស្នើសុំរក្សាជនជាប់ចោទ លោកឧកញ៉ា ប៉ែន នួន ឲ្យនៅក្នុងពន្ធនាគារដដែល។ សុំចាត់វិធានការលើជនពាក់ព័ន្ធជាច្រើនរូបទៀត»។

តំណាងជនរងគ្រោះក្នុងអំពើឆបោកនេះ បានលើកពីមូលហេតុថា «ប្រជាពលរដ្ឋ២២៦គ្រួសារទាមទារឲ្យឧកញ៉ារូបនេះសងឯកសារកាន់កាប់ដីធ្លី ដែលគាត់បានខ្ចីយកទៅថតចម្លង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយយកទៅលាក់បំបាត់ដាន ក្រោមលេសក្រឡាប់ឡាននោះត្រឡប់មកវិញ»។

លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបបសួរ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា ប៉ែន នួន ដែលមានកេរ្តិ៍អាក្រក់ ដោយសារពូកែឆបោក និងរកស៊ីអត់ដើមរហូតមានទ្រព្យសម្បត្តិច្រើន ហើយធ្លាប់មានរឿងអាស្រូវជាប់គុកនាពេលកន្លងមក។

នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកអនុប្រធានតុលាការបានបញ្ជាទៅប្រធានពន្ធនាគារខេត្តកំពត ឲ្យឃុំខ្លួនឧកញ៉ា ប៉ែត នួន ក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

លោកបានបញ្ជាក់ថា «ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែមិថុនា  ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ»។

យោងតាមក្រមព្រហ្មទណ្ឌបានចែងថា មាត្រា៣៧៨ នៃអំពើឆបោក និងមាត្រា៣៩២ នៃអំពើរំលោភលើទំនុកចិត្ត ប្រសិនបើតុលាការយកឃើញកំហុសទាំងពីរមែននោះ ឈ្មោះ ប៉ែត នួន ​​អាចប្រឈមមុខជាប់ពន្ធនាគារសរុបរហូតដល់ដប់ប្រាំពីរឆ្នាំ និងពិន័យជាប្រាក់សរុបដល់១២លានរៀល។

ឧកញ៉ា ប៉ែន នួន គឺអគ្គនាយកក្រុមហ៊ុន ចំរើន កសិឧស្សាហកម្ម អភិវឌ្ឍន៍ (កម្ពុជា) អ៊ឹមផត អ៊ិចផត និងជាអតីតទាហានខ្មែរក្រហម ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសម្តង កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ពីបទ ឆបោក។

គួររម្លឹកថា ឧកញ៉ា ប៉ែន នួន អាយុ៤៧ឆ្នាំ មានងារជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំម្នាក់ផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ពីបទ ឆបោកប្រាក់ យកលុយពីអាជីវកររាប់សិបម៉ឺនដុល្លារ ក្រោមរូបភាពលក់គម្រោងសាងសង់ផ្លូវជាតិមួយខ្សែ ដែលមិនដែលមានសោះ។

ប្រជាពលរដ្ឋទាំង២២៦គ្រួសារ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមូលផ្តុំគ្នាសម្តែងអំណរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកចៅក្រម ម៉ែន វណ្ណៈ មកលើជនទុច្ចរិត រកស៊ីបោកប្រាស់គេនេះ ហើយសំណូមពរដល់ចៅក្រមដ​ទៃទៀតរៀនយកគំរូតាម ព្រោះលោកចៅក្រមបានជួយរកយុត្តិធម៌ជូនជនរងគ្រោះ។

ការឃាត់ខ្លួនឧកញ៉ា ប៉ែន នួន គឺធ្វើឡើងតាមដីការបស់អយ្យការអមសាលាដំបូងខេត្ត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ពីបទឆបោកមានស្ថានទម្ងន់ទោស និងរំលោភសេចក្តីទុកចិត្ត តាមបណ្តឹងរបស់បុរសម្នាក់ឈ្មោះ ស៊ុន ប៊ុល​ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនបញ្ជូនទៅតុលាការដាក់គុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

លោក ស៊ុន ប៊ុល ដែលជាជនរងគ្រោះក្នុងអំពើឆបោក បានប្តឹងឧកញ៉ាត្បាញអាយរូបនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១  ហើយបានធ្វើឲ្យប្រជាពលរដ្ឋទាំង២២៦គ្រួសារ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ប្រមូលផ្តុំគ្នាសម្តែងអំណរសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សាលាមកលើជនទុច្ចរិត រកស៊ីបោកប្រាស់គេ។

ព្រមគ្នាជាមួយនឹងសេចក្តីសប្បាយរីករាយ ប្រជាពលរដ្ឋរងគ្រោះខាងលើនេះ ក៏បានស្នើសុំឲ្យតុលាការ និងរដ្ឋបាលខេត្តកំពត ជួយទាមទារយកឯកសារដីធ្លីជាច្រើនហិកតា ដែលឧកញ៉ា ប៉ែន នួន បោកប្រាស់ថា យកទៅថតចម្លងដើម្បីធ្វើប័ណ្ណរឹងមាំឲ្យ តែបែរជាថា បាត់អស់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ មកឲ្យប្រជាពលរដ្ឋវិញផង។

ប្រជាពលរដ្ឋ ធ្លាប់សម្តែងភាពក្តៅក្រហាយនឹងលោកឧកញ៉ា ប៉ែន នួន អ្នកជំនាញធ្វើនំអត់ម្សៅ បានយកឯកសារដីធ្លីរបស់ពួកគាត់ទៅលាក់បំបិទដាន និងមានគំនិតបន្លំកយដីពួកគាត់ដោយមិនខ្លាចញញើតចំពោះមុខច្បាប់។ ប្រជាពលរដ្ឋចំនួន២២៦គ្រួសារនេះ បានហៅឧកញ៉ាម្នាក់នេះថា «ជាមនុស្សហុតទឹកសំឡឹងកាក និងជាចចកពាក់រោមចៀមគួរឲ្យភ័យខ្លាច»។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដោះដូរដីពួកគាត់ ពីតំបន់អង្កាញ់តេជោអភិវឌ្ឍន៍៣១៧ ត្រើយស្លា ឲ្យមករស់នៅលើដីទំហំ១.១៨៣ហិកតា និង៩៦អា ស្ថិតនៅចំណុចថ្លាន់១០០ ថ្មងោក វាលឥន្រ្ទី ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ហើយត្រូវជនខាងលើបណ្តេញចេញមិនឲ្យរស់នៅលើដីនោះដោយសំអាងថា ដីនេះត្រូវបានធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនឯកជន។

ប្រជាជនទាំងខាងលើនេះ ក្តៅក្រហាយនឹងក្រុមហ៊ុន សូ ងួន ដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុន កាឡាក់ស៊ី របស់ឧកញ៉ា ឡេង ណាវ៉ាត្រា គប់គិតជាមួយឧកញ៉ា ប៉ែន នួន យកគ្រឿងចក្រទៅឈូសឆាយផលដំណាំរបស់ពួកគាត់គ្មានសល់ដោយគ្មានផ្តល់សំណង គ្រាដែលពួកគាត់មករស់នៅសង់ផ្ទះសម្បែង និងអាស្រ័យផលលើដីកម្មសិទ្ធិស្របច្បាប់តាំងពីឆ្នាំ២០១៨មក៕