ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖ សង្រ្គាមលោកអាចនឹងផ្ទុះឡើងឬទេ ខណៈដែលរុស្ស៊ីបន្ត​​ផ្គើននឹងការព្រមានរបស់លោកខាងលិច និងអូតង់បែបនេះ

វិភាគអន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញការព្រមានមួយ ផ្ញើជូនដល់ពលរដ្ឋអាមេរិកទាំងឡាយ ដែលនៅតែកំពុងស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ថាគួរតែចាកចេញនៅពេលនេះភ្លាម ខណៈរុស្ស៊ីនៅតែបន្តគំរាមកំហែងឈ្លានពាន ។ ការលើកឡើងរបស់លោកបៃដិន នាំឲ្យមានការចោទសួរថាតើសង្រ្គាមលោកអាចនឹងផ្ទុះឡើងឬ ខណៈដែលរុស្ស៊ីនៅតែផ្គើនសារព្រមានរបស់លោកខាងលិច និងអង្គការអូតង់បែបនេះ?
លោក Bidenបាននិយាយថា ពលរដ្ឋអាមេរិកគួរតែចាកចេញពីអ៊ុយក្រែននៅពេលនេះ ។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅអ៊ុយក្រែនដើម្បីជម្លៀសពលរដ្ឋរបស់លោកនោះទេ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនមែន ព្រោះសកម្មភាពនេះ អាចបង្កឲ្យមានសង្គ្រាមត្រជាក់ ហើយបញ្ហានានាអាចនឹងផ្ទុះឡើងយ៉ាងឆាប់រហ័ស ។

នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ NBC News ពីធីករ Lester Holt បានចោទសួរទៅលោកBidenថា តើមានសេណារីយោអ្វីទើបអាចឲ្យលោកបញ្ជូនកងទ័ពទៅជួយជនជាតិអាមេរិកជម្លៀសចេញពីអ៊ុយក្រែន។លោក Biden បានឆ្លើយថា គ្មានទេ។ នោះជាសង្រ្គាមលោកនៅពេលដែលជនជាតិអាមេរិក និងរុស្ស៊ីចាប់ផ្ដើមបាញ់គ្នា ។
លោកបានបន្ថែមថា វាមិនដូចជាយើងទប់ទល់ជាមួយអង្គការភេរវករនោះទេ។យើងកំពុងដោះស្រាយជាមួយសត្រូវដ៏ធំបំផុតមួយក្នុងចំណោមសត្រូវជាច្រើនក្នុងពិភពលោក។ ស្ថានភាពខុសគ្នា ហើយរឿងអាក្រក់ជាច្រើនអាចកើតឡើងភ្លាមៗ ។
អំណះអំណាងរបស់លោក បៃដិន ធ្វើឲ្យពិភពលោកជឿច្បាស់ថា សង្រ្គាមលោកអាចនឹងផ្ទុះឡើងពិតមែនបើសិនជារុស្ស៊ីពានអ៊ុយក្រែន គឺដោយសារតែរុស្ស៊ីមិនបានអើពើ និងខ្លបខ្លាចលោកខាងលិច និងសម្ព័ន្ធអូតង់ សូម្បីប៉ុនសរសៃសក់ ។
ខណៈពេលនោះដែរ អ៊ុយក្រែនបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានបិទច្រកចូលទៅកាន់សមុទ្រ ខណៈរុស្ស៊ីត្រៀមធ្វើសមយុទ្ធជើងទឹកនៅសប្ដាហ៍ក្រោយ ស្របពេលភាពតានតឹងកំពុងឡើងកំដៅនៅក្នុងតំបន់ ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក DmytroKulebaបាននិយាយថាសមុទ្រ Azov ត្រូវបានបិទទាំងស្រុង ហើយចក្រចូលសមុទ្រខ្មៅ ស្ទើតែត្រូវបានកាត់ផ្ដាច់ទាំងស្រុងដោយកម្លាំងរបស់រុស្ស៊ី ប៉ុន្តែរុស្ស៊ីបានច្រានចោលដដែលៗចំពោះការចោទប្រកាន់ដែលអាមេរិក និងលោកខាងលិចថាខ្លួនកំពុងមានផែនការឈ្លានពានអ៊ុយក្រែន ទោះបីខ្លួនដាក់ពង្រាយកងទ័ពជាង ១សែននាក់នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនក៏ដោយ ។
អ៊ុយក្រែន បានអះអាងថាសកម្មភាពនេះ គឺជាផ្នែកមួយនៃសង្រ្គាមសយុទ្ធសាស្ត្រចម្រុះរបស់ក្រុងម៉ូស្គូ ប្រឆាំងនឹងអ៊ុយក្រែន និងបានចោទរុស្ស៊ីមិនអើពើរនឹងច្បាប់អន្តរជាតិរួមទាំងជំពូករបស់អង្គការសហប្រជាជាតិ សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់ដែនសមុទ្រ ។
រុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ពួកគេបានបរាជ័យក្នុងការទម្លាយភាពជាប់គាំងនៅក្នុងការចរចារយៈពេល១ថ្ងៃជាមួយក្រុមមន្រ្តីបារាំង និងអាល្លឺម៉ង់ ឆ្ពោះទៅបញ្ចប់ការវាយប្រយុទ្ធគ្នារបស់ក្រុមបំបែកខ្លួនរយៈពេល៨ ឆ្នាំនៅក្នុងប្រទេសអ៊ុយក្រែន ។ កង្វះខាតភាពរីកចម្រើននេះ បាននាំឲ្យកិច្ចខិតខំប្រែងដើរថយក្រោយក្នុងការបន្ធូរបន្ថយគ្រោះមហន្តរាយនៅអ៊ុយក្រែន ។
បន្ទាប់ពីជំនួបពិភាក្សាក្នុងទីក្រុងប៊ែរឡាំង ប្រសិតពិសេសរុស្ស៊ី លោក Dmitry Kozak បានបញ្ជាក់នៅក្នុងសន្នីសីទសារព័ត៌មានកាលពីព្រលប់ថ្ងៃព្រហស្បតិ៍ថា វាគ្មានប្រយោជន៍ជាផ្លែផ្កាឈានទៅរកការផ្សះផ្សារការខ្វែងគំនិតគ្នារទាំងស្រុងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងការឈានទៅរកការបញ្ចប់សង្រ្គាមរវាងក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីនិងកងកម្លាំងអាជ្ញាធររបស់អ៊ុយក្រែននោះទេ ។
ដោយឡែក ប្រេសិតពិសេសអ៊ុយក្រែនលោក AndriyYermak បាននិយាយថា ជំនួបនេះពុំបានទម្លាយភាពជាប់គាំងណាមួយឡើយ ទោះបីជាភាគីទាំងសងខាងបានយល់ព្រមបន្តការជជែកពិភាក្សាគ្នាបន្ថែមទៀតក៏ដោយ ។
សរុបជារួម ភាពតានតឹងពិតជាឡើងកម្តៅខ្លាំងពិតមែន ដោយសារតែរុស្ស៊ីនៅតែបន្តសមយុទ្ធយោធារបស់ខ្លួនជាមួយបេឡារូស ផ្គើនទៅនឹងការព្រមានរបស់លោកខាងលិច និងអូតង់ ប៉ុន្តែត្រង់ចំណុចថាសង្រ្គាមលោក អាចនឹងផ្ទុះឡើងពិតមែននោះ គឺជាសេណារីយោមួយដែលពិបាកព្យាករណ៍បន្តិចតែទស្សនីយភាពមួយដែលគេមើលឃើញច្បាស់នោះ គឺនៅត្រង់ថា រុស្ស៊ី បានបញ្ជាក់រួចហើយថា ខ្លួនគ្មានគម្រោងឈ្លានពានអ៊ុយក្រែនដូចការចោទប្រកាន់របស់លោកខាងលិចនោះទេ ហើយបើសិនជារុស្ស៊ីពិតជាឈ្លានពានអ៊ុយក្រែនពិតមែននោះ ក៏មិនប្រាកដថា សង្រ្គាមលោកផ្ទុះឡើងនោះដែរ ៕