ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០។
ឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី​ ប្រធានក្រុមប្រឹក្សាzស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងថា កម្ពុជាប្តេជ្ញាបង្កើនអត្រាការបំបៅកូនដោយទឹកដោះ ម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុ៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅដោះកូនបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ ២០១០ ទៅ ៦៥% នៅឆ្នាំ ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤%។

ការសិក្សាបែបគុណភាពដែលធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ ហើយបានបោះពុម្ពផ្សាយលើទស្សនាវដ្តីឈ្មោះ Maternal Child Health Journal បានអះអាងថា ជាទូទៅម្តាយនិងអ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្តជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី ៣-៤ ខែ។

នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលរបស់អង្គការ Helen Keller នាពេលថ្មីៗនេះនៅខេត្តកែប លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា ប្រធានមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧០% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។

ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការទេ នោះនឹងធ្វើឲ្យអត្រាការបំបៅដោះកូនបន្តធ្លាក់ចុះទៀត។

លោកស្រីវេជ្ជបណ្ឌិតបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជម្រុញនិងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ ឲ្យបន្តការបំបៅដោះកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈនិងឧបករណ៍គ្រប់គ្រាន់ នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់ កូននិងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារនិងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។

ដោយមើលឃើញពីគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយចំពោះសុខភាព ព្រមទាំង ការលូតលាស់រាងកាយ និងការអភិវឌ្ឍន៍បញ្ញាស្មារតីរបស់កុមារ លោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញច្បាស់ថាទឹកដោះម្តាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់​ទារកនិងកុមារគ្រប់កាលៈទេសៈទាំងអស់ហើយគ្មានផលិតផលណាមួយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តផងដែលល្អប្រសើរជាងទឹកដោះម្តាយនោះទេ។

លោក​​រដ្ឋមន្ត្រីបានបន្ថែម​ថា៖ «ទឹកដោះម្តាយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការដោយមិនបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេនៅក្នុងអំឡុងពេល៦ខែដំបូងនៃជីវិតទារក»។
សេចក្តីណែនាំនេះបានបញ្ជាក់ទៀតថា៖ ការបំបៅកូនដោយផលិតផលជំនួស ទឹកដោះម្តាយរួមទាំងទឹកដោះគោម្សៅផ្សំតាមរូបមន្តអាចបង្កហានិភ័យជាច្រើនចំពោះកុមារដូចជា ជំងឺរាគ ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយជំងឺទឹកនោមផ្អែម ជំងឺលើស សម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម។