ភ្នំពេញ: លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ សូមគោរពអបអរសាទរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
លោកឧកញ៉ាផ្ញើសារថា យើងខ្ញុំទាំងអស់គ្នាសូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។
ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព»ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ, មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាននាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូមសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាន: កុំបីឃ្លៀងឃ្លាតឡើយ៕