ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្តថវិកានិងអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ស្រុកព្រៃឈរនិងស្រុកបាធាយ

(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនសិស្សានុសិស្សជាងមួយពាន់នាក់។
ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះបានរៀបចំឡើងនាឱកាសដែលលោក​​រដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក្រុមប្រឹក្សាស្រុកទាំងពីរ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងពីរ មន្ត្រីរាជការ សាស្ត្រាចារ្យកងកំលាំងប្រដាប់អាវុធ អាណាព្យាបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោក​​រដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យពីការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងសិក្សា​២០២០-​២០២១ នេះ និងបានថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ជួយឧបត្ថម្ភគាំទ្រ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោក​​រដ្ឋមន្ត្រីបន្តថា លទ្ធផលជាផ្លែផ្កាដែលក្មួយៗទទួលបាននាពេលនេះ គឺសុទ្ធសឹងតែជាការចូលរួមជ្រុំជ្រែងពីលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការរក្សាបាននូវសុខសន្តិភាពស្ថិរភាពនយោបាយការអភិវឌ្ឍន៍ និងការគ្រប់គ្រងបាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋព្រមទាំងការអនុវត្តឱ្យបានយ៉ាងខ្ចប់ខ្ជួននូវអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមវិធានការ “៣កុំ ៣ការពារ” រហូតឈានដល់ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។ហេតុនេះ សិស្សានុសិស្សទាំងអស់ គប្បីត្រូវចងចាំនូវឧបការគុណទាំងនេះដូចពាក្យបូរាណលោកថា “ ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ ”។
លោក​​រដ្ឋមន្ត្រីបញ្ជាក់ថា ភាពជោគជ័យនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនេះ អាស្រ័យដោយកត្តាសំខាន់ៗ ៤ គឺ៖ កម្ពុជាសម្រេចបានជោគជ័យលើការចាក់វ៉ាក់សាំងតាមផែនការ ការពង្រឹងបានសមត្ថភាពព្យាបាល និងភាពម្ចាស់ការក្នុងការត្រៀមជាមុន និងការដែលមានបទពិសោធន៍-យល់ដឹងក្នុងការទប់ស្កាត់ ព្រមទាំងការយល់ដឹងកាន់តែច្បាស់របស់ប្រជាពលរដ្ឋអំពីរបៀបរស់នៅ និងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។
លោក​​រដ្ឋមន្ត្រី បានរំលឹកពីប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅថា៖ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យ ដោយអនុវត្តតាមអភិក្រម “៣កុំ ៣ការពារ” និងត្រូវបន្តរៀបចំបរិស្ថានឱ្យបានស្អាត មានអនាម័យ ជាពិសេសសូមលោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ។ រីឯក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់សូមបន្តខិតខំរៀនសូត្រស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើ “អំពើល្អ” ក្នុងសង្គម។ ចំណែកមាតាបិតា អាណាព្យាបាលវិញ ត្រូវនាំកូនចៅមកចុះឈ្មោះចូលរៀន និងផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់កូនចៅតាមគ្រប់រូបភាព។
ជាមួយគ្នានេះរដ្ឋមន្ត្រី បានណែនាំសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យទៅក្លាយជាសសរទ្រូងឆ្នើមរបស់ប្រទេសជាតិ និងត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ ក្រមសីលធម៌ និងគុណធម៌ ស័ក្តិសម​ជាកុលបុត្រកុលធីតាល្អ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយប្រទេសជាតិយើងឱ្យទៅជាប្រទេសជឿនលឿន និងជាប្រទេសដែលមានចំណូលខ្ពស់នៅពេលខាងមុខ។
លោក​​រដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាការប្រុងប្រយ័ត្នខ្ពស់ បន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជម្ងឺកូវីដ១៩ ក៏ដូចជាជម្ងឺផ្សេងទៀត តាមរយៈការរក្សាអនាម័យ និងអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួន និងសូមអញ្ជើញបងប្អូន កូន ក្មួយ ដែលគ្រប់អាយុ ត្រូវទៅចាក់ឱ្យបានគ្រប់ដូសគ្រប់ៗគ្នា ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។
សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា២០២០-២០២១ សិស្សប្រឡងជាប់បាក់ឌុបក្នុងស្រុកព្រៃឈរទាំងអស់ មានចំនួន ៦១៨នាក់ ក្នុងនោះ និរទ្ទេសA ចំនួន ១៧នាក់, និរទ្ទេសB ចំនួន ៤២នាក់ និងនិទ្ទេស C D និងE ចំនួន ៥៥៩នាក់ ហើយស្រុកបាធាយមានសិស្សប្រឡងជាប់បាក់ឌុបសរុប ចំនួន ៤៩១នាក់ ក្នុងនោះ និរទ្ទេសA ចំនួន ២នាក់,និរទ្ទេសB ចំនួន២៩នាក់ និងនិទ្ទេសC D និងE ចំនួន ៤៦០នាក់។ ចំពោះរង្វាន់លើកទឹកចិត្តវិញ សិស្សនិរទ្ទេសA ម្នាក់ៗទទួលបានទោចក្រយានយន្ត ម៉ាក ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ១គ្រឿង ជាមួយថវិកា ៥ម៉ឺនរៀល, និរទ្ទេសB ទទួលបានថវិកាម្នាក់ ៣០ម៉ឺនរៀល និងនិទ្ទេស C D និងE ទទួលបានថវិកាម្នាក់ ៥ម៉ឺនរៀល។
ជាមួយគ្នានេះ ក៏មានការឧបត្ថម្ភថវិកាជូនលោក លោស្រី នាយក-នាយិកា នាយករង-នាយិការង លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យទាំង១១ ចំនួន១​៧៦​នាក់,លោកគ្រូ-អ្នកគ្រូ និងយុវជនស្រុកព្រៃឈរ ដែលត្រូវបំពាក់គ្រឿងឥស្សរិយយស ចំនួន៦២នាក់ និងមន្រ្តីការិយាល័យអប់រំ យុវជននិងកីឡាស្រុក ចំនួន២៤នាក់ ព្រមទាំងអាណាព្យាបាលសិស្សនិទ្ទេសA ចំនួន ១៩នាក់ ដោយម្នាក់ៗ ទទួលបាន ៥ម៉ឺនរៀល ព្រមទាំងក្រុមគ្រូពេទ្យ ចំនួន ២០នាក់ ក្នុងម្នាក់ទទួលបាន ៣ម៉ឺនរៀល ផងដែរ។
ចំណែក ការផ្ដល់អាហារូបករណ៍ពេញថ្លៃសិក្សា រយៈពេល ៤ឆ្នាំ ជូនសិស្សានុសិស្សក្រីក្រ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ គឺមានចំនួន ២៧កន្លែង ដោយក្នុង១ឃុំ ទទួលបានចំនួន១កន្លែង។
សូមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្មួយៗមកពីស្រុកព្រៃឈរ ចំនួន៨នាក់ ត្រូវបានក្រុមការងារប្រគល់ជូនតាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួចហើយនាឱកាសនោះ ដូច្នេះក្រុមការងារបានប្រគល់ចំនួន ៩នាក់ បន្ថែមទៀតនៅថ្ងៃនេះ៕