បរទេស៖ក្តីកង្វល់ថារុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយសារនិយាយគ្នាមិនត្រូវជាមួយលោកខាងលិចនិងអង្គការអូតង់ចាប់ផ្តើមសាបរលាបបន្តិចម្តងហើយ ក្រោយគេមើលឃើញថាមូលហេតុធំៗចំនួន២ថាទីក្រុងម៉ូស្គូនឹងមិនឈ្លានទីក្រុងកៀវនោះទេ ។
ប្រទេសរុស្ស៊ីបានបញ្ជាក់ថាខ្លួននឹងបន្តការពិភាក្សាច្រកការទូតជាមួយលោកខាងលិច ដើម្បីដោះស្រាយវិបត្តិសន្តិសុខពាក់ព័ន្ធនឹងអ្វីដែលខ្លួនបានដាក់ពង្រាយកងកម្លាំងយ៉ាងច្រើន ក្នុងការវាយប្រហារពីចម្ងាយក្បែរទឹកដីអ៊ុយក្រែន។
នេះជាកត្តាទី ១នៅក្នុងការជជែកផ្លាស់ប្ដូរយោបល់ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ រវាងលោកប្រធានាធិបតី រុស្ស៊ី Vladimir Putinនិងរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ឱកាសតែងតែមានជានិច្ច ក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន ។
លោកLavrovបានប្រាប់លោកPutinថា ការផ្លាស់ប្ដូរយោបល់ជាមួយបណ្ដាមេដឹកនាំសហភាពអឺរ៉ុបនិងក្រុងWashingtonបានបង្ហាញពីភាពគ្រប់គ្រាន់ក្នុងការបើកផ្លូវសម្រាប់ភាពរីកចម្រើនលើគៅលដៅរបស់រុស្ស៊ីដែលកំពុងស្វែងរក។
លោក Lavrov បាននិយាយក្នុងការអត្ថាធិប្បាយនៅលើកញ្ចក់ទូរទស្សន៍ថាលោកចង់ឲ្យមានការបន្តខាងច្រកការទូត លោក Putinបានឆ្លើយថា ល្អណាស់ ។ លោក Lavrovបានប្រាប់លោក Putinថា សហរដ្ឋអាមេរិកបានដាក់ចេញនូវសំណើជាក់លាក់ស្តីពីការកាត់បន្ថយហានិភ័យផ្នែកយោធា ប៉ុន្តែខ្លួនមិនពេញចិត្តទេចំពោះការឆ្លើយតបរបស់អូតង់និងសហភាពអឺរ៉ុបដែលមិនអនុញ្ញាតឱ្យទីក្រុងម៉ូស្គូបំបែកបំបាក់សមាជិករបស់ខ្លួន ។
វិមានក្រឹមឡាំងបានបង្ហាញសញ្ញាកាលពីថ្ងៃច័ន្ទថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការបន្តការពិភាក្សាជាមួយលោកខាងលិច ពាក់ព័ន្ធនឹងក្ដីកង្វល់ផ្នែកសន្តិសុខ ដែលឈានទៅរកការដោះស្រាយវិបត្តិនេះ ដោយផ្ដល់ក្ដីសង្ឃឹមថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទេ ខណៈក្រុមមន្ត្រីលោកខាងលិចមានក្ដីបារម្ភកាន់តែខ្លាំងឡើង ។
លោក Antony Blinken ប្រមុខការទូតអាមេរិកនិយាយថាសហរដ្ឋអាមេរិកនឹងបន្តជំរុញឲ្យមានដំណោះស្រាយច្រកការទូត ដោះស្រាយវិបត្តិនេះ។ នេះជាកត្តាទី ២ ។
លោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសន្ទនាតាមទូរស័ព្ទជាមួយលោក Putinកាលពីចុងសប្ដាហ៍មុនបានសន្ទនាតាមទូរស័ព្ទរយៈពេល៤០នាទីផងដែរជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេសBoris Johnson កាលពីថ្ងៃច័ន្ទ ។
មេដឹកនាំ ទាំង២នៅតែ រំពឹងថានឹងមានកិច្ចព្រមព្រៀងតាមច្រកការទូតដោះស្រាយវិបត្តិអ៊ុយក្រែន ។ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេសលោក VadymPrystaikoបាននិយាយថា ប្រទេសអ៊ុយក្រែនអាចនឹងដកខ្លួនពីការចូលជាសមាជិកអង្គការNATO ដើម្បីបញ្ចៀសសង្រ្គាមជាមួយរុស្ស៊ី ជាអ្វីដែលនឹងក្លាយជាសម្បទានដ៏ធំដល់ក្រុងMoscow ឆ្លើយតបទៅនឹង ការបង្កើនកម្លាំងកងទ័ពរបស់រុស្ស៊ីនៅជាប់ព្រំដែនរបស់ខ្លួន។
នេះជាកត្តាទី ៣ លោក Vadym បានប្រាប់ BBC ថា អ៊ុយក្រែននឹងបត់បែនជុំវិញគោលដៅរបស់ខ្លួនក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាអាត្លង់ទិកនេះ ជាទង្វើមួយដែលលោក Putin បាននិយាយថា នឹងបង្កឲ្យផ្ទុះសង្រ្គាម ។
នៅពេលត្រូវបានសួរថាតើទីក្រុង Kyiv អាចនឹងផ្លាស់ប្ដូរជំហររបស់ខ្លួនទេលើសមាជិកភាពអង្គការអូតង់លោក Vadymនិយាយថា យើងអាចជាពិសេស នៅពេលរងការគំរាម និងការបង្ខិតបង្ខំបែបនេះដែលជាកត្តារុញច្រានទៅរកការសម្រេចចិត្តបែបនេះ ។
សូមបញ្ជាក់ថាអ៊ុយក្រែនមិនមែនជាសមាជិកអូតង់នោះទេ ប៉ុន្តែការសន្យាកាលពីឆ្នាំ២០០៨អង្គការមួយនេះនឹងផ្ដល់ឱកាសឲ្យអ៊ុយក្រែនចូលជាសមាជិក ជាជំហានមួយដែលនឹងនាំសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកចូលទៅកាន់ព្រំដែនរបស់រុស្ស៊ី ៕