ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈភាពតានតឹងកើនឡើងនៅអ៊ុយក្រែន

បរទេស៖ផ្សារភាគហ៊ុនសកលបានធ្លាក់ចុះស្របពេលមានការព្រមានពីភាពតានតឹងកើនឡើងរវាងទីក្រុង Washingtonនិងទីក្រុង Moscowជុំវិញវិបត្តិនៅអ៊ុយក្រែន ។
នៅអាស៊ីផ្សារភាគហ៊ុនNikkeiរបស់ជប៉ុនបានធ្លាក់ចុះ១,៥ភាគរយ ខណៈផ្សារភាគហ៊ុន ASX របស់អូស្រ្តាលី បានធ្លាក់ចុះ ១ភាគរយ។មុននេះបន្តិចនៅសហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones បានធ្លាក់ចុះ ១,៨ភាគរយ ផ្សារភាគហ៊ុនS&P 500បានធ្លាក់ចុះជាង២ភាគរយ ហើយផ្សារភាគហ៊ុន Nasdaqបានធ្លាក់ចុះជិត ៣ភាគរយ ។

ការធ្លាក់ចុះផ្សារភាគហ៊ុននេះបានកើតមានឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេ រិកលោកJoe Bidenបានចោទប្រកាន់រុស្ស៊ីថាកំពុងរកលេសដោះសារសម្រាប់ការឈ្លានពានអ៊ុយក្រែន ដែលលោកនិយាយថា វានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ផងដែរកាលពីថ្ងៃព្រហស្បតិ៍ក្នុងនោះផ្សារភាគហ៊ុFTSEរបស់ទីក្រុងឡុងដ៍បានធ្លាក់ចុះជិត ០,៩ភាគរយ ។
លោក Michael Jamesគឺជានាយកគ្រប់គ្រងការជួញដូរភាគហ៊ុននៅក្រុមហ៊ុន Wedbush Securitiesបាននិយាយថាមាននូវការភិតភ័យច្រើននៅទីនោះ ខណៈពេលដែលពួកយើងមិនមើលឃើញដំណោះស្រាយរវាងរុស្ស៊ី និងអ៊ុយក្រែន នៅចុងសប្តាហ៍នេះ ។
លោកបន្តថា ភាពទន់ខ្សោយចេះតែបន្ត ជាពិសេសកំណើនឈ្មោះអ្នកលក់ បង្ហាញពីការភ័យព្រួយកើនឡើង ហើយអ្នកលក់បន្តវាយលុកអ្នកទិញនៅក្នុងគ្រប់ភាគហ៊ុនទាំងអស់ ។
លោក Bidenបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធាអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែរុស្ស៊ីបានចាត់ទុកការអះអាងរបស់លោកBidenគ្មានមូលដ្ឋាន ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងញុះញង់ឲ្យមានភាពតានតឹង ។
ទោះបីជាយ៉ាងណាក៏ដោយភាពមិនច្បាស់លាស់នៅតែកើតមានជុំវិញស្ថានភាពនេះខណៈដែល កងកម្លាំងអ៊ុយក្រែននិងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីបន្តផ្លោងគ្រាប់ដាក់គ្នានៅតំបន់ ភាគខាងកើតអ៊ុយក្រែនធ្វើឲ្យក្រុមអ្នកវិនិយោគទុនកាន់តែព្រួយបារម្ភបង្ខំចិត្តលក់ភាគហ៊ុនរបស់ពួកគេ ។
ក្រុមហ៊ុនបច្ចេកវិទ្យានិងគមនាគមន៍បានធ្លាក់ចុះដែលធ្វើឲ្យប៉ះពាល់ដល់វិស័យភាគច្រើននៅផ្សារភាគហ៊ុន S&P 500 និងជំរុញឲ្យផ្សារភាគហ៊ុន Dow ធ្លាក់ចុះភាគរយប្រចាំថ្ងៃទាបបំផុត ចាប់តាំងពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ។
ខណៈពេលនោះដែរតម្លៃប្រេងឆៅបានធ្លាក់ចុះជាង២ភាគរយ ហើយក្រុមមន្រ្តីសហរដ្ឋអាមេរិក មាននូវជំនួបពិភាក្សាការងារជាមួយអារ៉ាប៊ីសាអូឌីត ស្តីពី”វិធីសាស្រ្តសហការ”ដើម្បីគ្រប់គ្រងសំពាធទីផ្សារដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ៕