បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឲ្យទាហានរុស្ស៊ីរក្សាសន្តិភាពនៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួន២នៅភាគខាងកើតប្រទេសអ៊ុយក្រែនរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកទទួលស្គាល់តំបន់ Donetskនិងតំបន់ Luhanskជាតំបន់ឯករាជ្យ ។
នៅក្នុងក្រឹត្យផ្លូវការចំនួន២កាលពីថ្ងៃចន្ទម្សិលមិញ លោក Putin បានណែនាំដល់ក្រសួងការពារជាតិរបស់លោក ឲ្យចាប់ផ្ដើមការងាររក្សាសន្តិភាពនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ។
លោកបាននិយាយថា លោកចាត់ទុកថាវាចាំបាច់ក្នុងការសម្រេចចិត្តដែលថាគួរតែធ្វើតាំងពីយូរមកហើយ ដើម្បីទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាពនិងអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង សាធារណរដ្ឋប្រជាមានិតLuhansk។
ទោះបីជាយ៉ាងណាក៏ដោយ លោកខាងលិចបានព្រមានជាថ្មីម្តងទៀតថា រុស្ស៊ី ត្រូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនក្នុងតំបន់Donetsk និងLuhanskនោះទេជាសកម្មភាពមួយដែលជាន់ពន្លិចយ៉ាងខ្លាំង ដល់ដំណើរការសន្តិសុខដ៏ផុយស្រួយនៅក្នុងតំបន់ទាំងនោះ ។
ការប្រកាសរបស់លោកPutinបានត្រួសត្រាយផ្លូវសម្រាប់រុស្ស៊ីក្នុងការបញ្ជូនកងទ័ព និងអាវុធ ដោយបើកចំហរចូលទៅកាន់តំបន់ដែលកំពុងមានជម្លោះរ៉ាំរៃ ជាទីដែលកងកម្លាំងអ៊ុយក្រែនកំពុងវាយទប់ទល់នឹងក្រុមឧទ្ទាមគាំទ្រដោយទីក្រុង Moscow ។
ដោយឡែក សេតវិមានបានឆ្លើយតប ចំពោះការសម្រចចិត្តរបស់លោក Putin ទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ផ្ដាច់ខ្លួនចំនួន២នៅប្រទេសអ៊ុយក្រែនភាគខាងកើត ជាមួយនឹងការដាក់ទណ្ឌកម្មលើតំបន់ទាំងនោះ។
លោកប្រធានាធិបតីJoe Bidenបានចុះហត្ថលេខាលើក្រឹត្យដែលហាមការវិនិយោគការធ្វើពាណិជ្ជកម្មនិងការផ្ដល់ហិរញ្ញវប្បទានថ្មីដោយជនជាតិអាមេរិកទាំងទៅ -ទាំងមក ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psakiបាននិយាយថា វិធានការទាំងនេះគឺដាច់ដោយឡែកពីគ្នានឹងជាការបន្ថែមពីលើទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនិងភ្លាមៗ ដែលយើងបានត្រៀមក្រោមការសម្របសបម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង បើសិនមានការឈ្លានពានបន្ថែមទៀតពីរុស្ស៊ីចូលអ៊ុយក្រែន។
លោកស្រី Psakiបន្តទៀតថា ក្រសួងការបរទេសនិងរតនាគារនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតពីចំណាត់ការរបស់រដ្ឋបាលលោក Biden។
ខណៈពេលនោះដែរបណ្ដាមេដឹកនាំសហភាពអឺរ៉ុបក៏បានថ្កោលទោសផងដែរពីការប្រកាសរបស់លោក Putinនិងបានបញ្ចេញការគំរាមថ្មីឆ្លើយតបទៅនឹងការបំពានដ៏ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ។
លោក Josep Borrellប្រធានគោលនយោបាយសហភាពអឺរ៉ុបបាននិយាយថា ប្លុកដែលមានសមាជិក២៧ប្រទេសបានសម្រេចរួចហើយពីការប្រើប្រាស់កញ្ចប់ទណ្ឌកម្មរបស់ខ្លួនបើលោក Putin ឈ្លានពានអ៊ុយក្រែន ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន ជាការចាកចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ីដែលបានប្រកាសឲ្យមានការជម្លៀសពលរដ្ឋដ៏ច្រើនដោយសារតែការភ័យខ្លាចថានឹងមានសង្រ្គាមផ្ទុះឡើង ។
នៅក្នុងតំបន់Luhansk និង តំបន់ Donetskស្ថិតនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ក្រុមមេដឹកនាំផ្ដាច់ខ្លួនបានបញ្ជារឲ្យចល័តយោធាគ្រប់ទីកន្លែង និងជម្លៀសជនស៊ីវិលតាមរថយន្តក្រុងទៅកាន់ប្រទេសរុស្ស៊ីដែលបានចេញលិខិតឆ្លងដែនប្រមាណ៧សែនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងដែនដីនានាគ្រប់គ្រងដោយក្រុមឧទ្ទាម។
ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកការបាញ់ផ្លោងគ្រាប់កាំភ្លើងធំបានកើនឡើងនៅតាមបណ្ដោយព្រំដែន សម្រាប់ការទំនាក់ទំនង ដែលខណ្ឌចែករវាងកងកម្លាំងអ៊ុយក្រែន និងក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅក្នុងកណ្ដាលតំបន់ឧស្សាហកម្ម Donbas ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ថាមនុស្សជាង១៤.០០០នាក់បានស្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីឆ្នាំ ២០១៤ភ្លាមៗ បន្ទាប់ពីទីក្រុងMoscowដាក់បញ្ចូលឧបទ្វីបគ្រីមេរបស់អ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន ៕