ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖កំសួលកម្លាំងបាតុករកំពុងអន្ទោលតាមប្រាណរុស្ស៊ី ខណៈលោកពូទីនទាមទារឲ្យទទួលស្គាល់តំបន់គ្រីមេ ហើយលោកខាងលិចបន្តដាក់ទណ្ឌកម្ម

បរទេស៖នៅក្នុងប្រទេសអ៊ុយក្រែន ជាទីដែលកើតជម្លោះជាមួយរុស្ស៊ី ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកៀវ បន្ទាប់ពីការបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឲ្យដាក់ពង្រាយកងទ័ពទៅកាន់តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។
ក្រុមបាតុករបានប្រមូលផ្តុំគ្នាផងដែរ នៅខាងក្រៅស្ថានទូតរុស្ស៊ីនៅទីក្រុងប៉ារីស ដើម្បីប្រឆាំងនឹងការឈ្លានពានដែលកំពុងបន្តរបស់វិមានក្រឹមឡាំងនៅតាមព្រំដែនជាមួយអ៊ុយក្រែន។
សកម្មជននយោបាយនិងសមាជិកសហគមន៍អ៊ុយក្រែនហ្សកហ្ស៊ី និងបេឡារុស្ស ត្រូវបានគេឃើញកាន់ទង់ជាតិរៀងៗខ្លួនអំឡុងការធ្វើបាតុកម្ម ។
ក្រុមបាតុករទាំងនេះបានចោទប្រកាន់លោក ពូទីន ថាមានបំណងបញ្ចប់លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយពួកគេជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំង នឹងធ្វើឲ្យមេដឹកនាំរុស្ស៊ីរៀងចាល ។
នៅប្រទេសអាល្លឺម៉ង់វិញ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងប៊ែរឡាំង ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។
លោក Alexei Ustenkoជាជនជាតិអ៊ុយក្រែនរស់នៅក្នុងទីក្រុងប៊ែរឡាំង និយាយថា អឺរ៉ុបនិងអាមេរិកមិនបានឆ្លើយតបខ្លាំងគ្រប់គ្រាន់ នៅឡើយចំពោះសកម្មភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។
ក្រុមបាតុករ បានលើកឡើងថាទណ្ឌកម្មគឺជាឧបករណ៍សំខាន់របស់ប្រទេសលោកខាងលិចសម្រាប់រុញច្រានទាហានរុស្ស៊ីឲ្យវិលត្រឡប់ទៅវិញខណៈលោកពូទីនបានអនុញ្ញាតឱ្យទាហានឆ្លងកាត់ព្រំដែនអ៊ុយក្រែន ចូលទៅក្នុងតំបន់គ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី និងបានទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ក្រុមឧទ្ទាម ។
ខណៈពេលនោះដែរលោក ពូទីនបានអំពាវនាវឱ្យអន្តរជាតិទទួលស្គាល់តំបន់ គ្រីមេ ថាជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។លោកនិយាយថា ការបញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមេ របស់អ៊ុយក្រែន កាលពីឆ្នាំ ២០១៤ គួរតែត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាការបង្ហាញភាពស្របច្បាប់នៃជម្រើសរបស់ប្រជាជនក្នុងតំបន់ ។
ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចូលឧបសម្ព័ន្ធនេះត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិចថាជាការបំពានច្បាប់អន្តរជាតិ។
កាលពីថ្ងៃអង្គារម្សិលមិញសមាជិកសភារុស្ស៊ី បានអនុញ្ញាតឱ្យលោកពូទីន ប្រើប្រាស់កម្លាំងយោធានៅខាងក្រៅប្រទេសជាវិធានការមួយដែលអាចបង្ហាញពីការវាយប្រហារកាន់តែទូលំទូលាយលើប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថាការឈ្លានពានកំពុងធ្វើឡើងនៅទីនោះ។
មេដឹកនាំសហភាពអឺរ៉ុបជាច្រើនបាននិយាយថា ទាហានរុស្ស៊ីបានឆ្លងចូលទៅក្នុងតំបន់ គ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីលោកពូទីនទទួលស្គាល់ឯករាជ្យរបស់ពួកគេប៉ុន្តែគេនៅមិនច្បាស់នោះទេថាតើ ការដាក់ពង្រាយកងទ័ពរុស្ស៊ី មានទំហំប៉ុនណា ។ ពួកគេកំពុងត្រៀមកញ្ចប់ទណ្ឌកម្មផងដែរ បិទខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ។
លោក ចូសេប បូរ៉ែល ប្រធានគោលនយោបាយសហភាពអឺរ៉ុបបាននិយាយថា សមាជិកសហភាពអឺរ៉ុបបានព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដែលមានបំណងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រទេសរុស្ស៊ី បន្ទាប់ពីការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនចំនួន២នៅក្នុងប្រទេសអ៊ុយក្រែន។
លោក បន្តថា សមាជិកសហភាពអឺរ៉ុប ទាំង២៧ ប្រទេស បានយល់ព្រមជាឯកច្ឆ័ន្ទ លើវិធានការនានា នៅឯកិច្ចប្រជុំក្រៅផ្លូវការមួយក្នុងទីក្រុងប៉ារីស ក្រៅវេទិកាអន្តរជាតិ ហើយលោក បូរ៉ែល បានបញ្ជាក់ថា ទណ្ឌកម្មទាំងនោះ នឹងប៉ះពាល់ដល់ រុស្ស៊ី ហើយប៉ះពាល់ខ្លាំងទៀតផង ។
លោកបានបន្ថែមថា គោលដៅនានាសម្រាប់ ការបង្កកទ្រព្យសម្បត្តិ និងបម្រាមលើ ទិដ្ឋកា បានរួមបញ្ចូលទាំង សមាជិកចំនួន ៣៥១នាក់ នៃសភាដូមា ដែលជាសភាជាន់ទាបរបស់រុស្ស៊ី ដែលបានអំពាវនាវឲ្យលោក ពូទីន ទទួលស្គាល់តំបន់២ គឺ Donetskនិង Luhansk នៅក្នុងប្រទេសអ៊ុយក្រែនជាតំបន់ឯករាជ្យ ៕