បរទេស៖ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Ben Wallaceបាននិយាយនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបាត់បង់ទាហានរបស់ខ្លួន ៤៥០នាក់ អំឡុងការឈ្លានពានអ៊ុយក្រែន ហើយពួកគេមានគម្រោងដណ្តើមយកប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។
ថ្លែងទៅកាន់ទូរទស្សន៍ Sky News លោក Wallaceបាននិយាយថា ច្បាស់ណាស់ថា រុស្ស៊ីមិនដែលមានបំណងកំណត់ការឈ្លានពានរបស់ខ្លួនត្រឹមតំបន់ ដុនបាស់ នោះទេ ប៉ុន្តែពួកគេតែងតែមានគម្រោងដណ្តើមយកប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។
សុន្ទរកថារបស់លោក Wallaceបានធ្វើឡើង ក្រោយអង់គ្លេស ដាក់ទណ្ឌកម្មរុស្ស៊ី ដែលរួមទាំងការបង្កកអចលនទ្រព្យធនាគារធំៗទាំងអស់របស់រុស្ស៊ី ដែលរួមមានទាំងធនាគារ VTB Bank ដែលជាធនាគារធំបំផុតទី២របស់រុស្ស៊ី ។
ខណៈពេលនោះដែរ អ៊ុយក្រែនបញ្ជាក់ថា ទាហានរុស្ស៊ីបានចូលឈ្លានពានមកដល់សង្កាត់ភាគខាងជើងរដ្ឋធានីគីវ ហើយ ។
ប្រធានាធបិតីរុស្ស៊ីលោក Vladimir Putinបាននិយាយការពារដល់ការឈ្លានពាន ដោយលោកបញ្ជាក់ថា គ្មានច្រកផ្សេងនោះទេដើម្បីការពាររុស្ស៊ី ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានលើកឡើងថា ប្រទេសរបស់លោកបានអំពាវនាវដល់រុស្ស៊ី ដើម្បីសុំបទឈប់បាញ់៕