បរទេស៖ប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង បានថ្កោលទោសការសម្រេចចិត្តរបស់បេឡារុស្ស អនុញ្ញាតឲ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ។
អំឡុងការជជែកគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំបេឡារុស្សលោក អាឡិចហ្សាន់ដឺ លូកាសេនកូ លោក ម៉ាក្រុង បានសុំឲ្យគាត់ទាមទារការដកទាហានរុស្ស៊ី ចេញពីបេឡារុស្សឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបារាំង បានឲ្យដឹងថា លោកម៉ាក្រុងនិយាយថា ទាហានទាំងនេះ កំពុងធ្វើសង្រ្គាមឯកតោភាគី និងអយុត្តិធម៌ ។
លោក ម៉ាក្រុងបានធ្វើការសង្កត់ធ្ងន់ផងដែរថាទំហំនៃភាពជាបងប្អូនរវាងប្រជាជនបេឡារុស្ស និងអ៊ុយក្រែន គួរតែ ឲ្យបេឡារុស្ស បដិសេធន៍ធ្វើជាប្រទេសចំណុះរបស់រុស្ស៊ី និងសមគំនិតធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទាហានរុស្ស៊ី បានបំលាស់ទីចូលទៅក្នុងប្រទេសអ៊ុយក្រែន ចេញពីព្រំដែនជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធយូរអង្វែងរបស់រុស្ស៊ី ។
កាលពីថ្ងៃសៅរ៍ម្សិលមិញប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានប្រកាសទណ្ឌកម្មថ្មីមកលើរុស្ស៊ី ដែលរួមទាំងការប្លុកធនាគារចោលជាប្រព័ន្ធអន្តរជាតិប្តូរហិរញ្ញវត្ថុដ៏សំខាន់ និងរឹតត្បឹតប្រឆាំងនឹងធនាគារកណ្តាលរុស្ស៊ី ។
វិធានការនេះ នឹងរារាំងធនាគាររុស្ស៊ីប្រើប្រាស់សាច់ប្រាក់បម្រុងអន្តរជាតិរបស់ខ្លួនគាំទ្ររូបិយប័ណ្ណរុស្ស៊ី ដើម្បីធ្វើឲ្យខូចទណ្ឌកម្ម ។
ដោយឡែក សេវាពិសេសនៃទូរគមនាគមន៍ និងការពារព័ត៌មានរដ្ឋអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កងទ័ពរុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិរបស់ខ្លួន នៅក្នុងទីក្រុងKharkiv ភាគខាងជើងប្រទេស ៕