បរទេស:ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថាការចរចាស្វែងរកសន្តិភាពទំនងជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែនៅត្រូវការពេលវេលាថែមទៀត ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស៥នាក់ នៅក្នុងរដ្ឋធានីគីវ (Kyiv) និងចំនួនជនភៀសខ្លួនរត់គេចចេញពីការវាយប្រហាររបស់ទីក្រុង Moscow បានហក់ឡើងដល់៣លាននាក់ ។
មន្ត្រីអ៊ុយក្រែនបានលើកឡើងពីក្តីសង្ឃឹមថា សង្រ្គាមអាចបញ្ចប់ឆាប់ជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាដោយនិយាយថា ទីក្រុង Moscow អាចនឹងឈានដល់លក្ខខណ្ឌនានាជាមួយនឹងការបរាជ័យរបស់ខ្លួនក្នុងការលើកបន្តុបរដ្ឋាភិបាលថ្មីដោយការប្រើកម្លាំង និងការបាត់បង់កម្លាំងកងទ័ពថ្មី។
លោក Zelenskiy បាននិយាយក្នុងវីដេអូ មុនការចាប់ផ្ដើមការចរចាជុំបន្ទាប់ថាជំនួបនានានឹងបន្តហើយក្រុមមន្ត្រីរបស់លោកបានប្រាប់លោកថា គោលជំហរនានាក្នុងអំឡុងការចរចាហាក់ដូចជាប្រាកដនិយមខ្លាំងជាងមុន ប៉ុន្តែនៅតែត្រូវការពេលវេលាសម្រាប់ការសម្រេចចិត្តនានាផ្ដោតលើផលប្រយោជន៍របស់អ៊ុយក្រែន ។
លោក Zelenskyy បានទទួលស្គាល់ថា បំណងរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការចូលជាសមាជិកអង្គការអូតង់មិនប្រាកដប្រជានោះទេ ដោយលោកបញ្ជាក់ថា ប្រទេសរបស់លោកត្រូវពឹងផ្អែកលើខ្លួនឯង និងជំនួយរបស់ដៃគូ ។
លោកបានអំពាវនាវផងដែរដល់មេដឹកនាំអឺរ៉ុបខាងជើង សុំអាវុធបន្ថែមដើម្បីប្រយុទ្ធនឹងការវាយលុករបស់រុស្ស៊ីមកលើប្រទេសរបស់លោក ។ លោក Zelenskyy និយាយទៅកាន់មេដឹកនាំកងកម្លាំង បរទេសចម្រុះ (JEF) តាមរយៈបណ្តាញវីដេអូថា យោធាអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធកើនឡើង ឆាប់រហ័ស និងយុទ្ធោបករណ៍ផ្សេងទៀត ដែលប្រទេសលោកខាងលិចបានបញ្ជូនមកឲ្យប្រទេសរបស់លោក ។
លោក Zelenskyy បាននិយាយលើកឡើងសាជាថ្មីចំពោះការខកចិត្តរបស់លោក ជាមួយអង្គការ អូតង់ ជុំវិញការបដិសេធរបស់អង្គការមួយនេះក្នុងការអនុវត្តន៍តំបន់គ្មានការហោះហើរលើប្រទេសអ៊ុយក្រែន ខណៈលោកបានថ្លែងនៅក្នុងកិច្ចប្រជុំមេដឹកនាំកងកម្លាំងបរទេសចម្រុះ ក្នុងទីក្រុងឡុងដ៏ ។
កងកម្លាំងបរទេសចម្រុះ ដឹកនាំដោយចក្រភពអង់គ្លេស គឺជាក្រុមមួយនៃបណ្តាប្រទេសអាត្លង់ទិក ខាងជើងចំនួន១០ ប្រទេសត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបរហ័សទៅនឹងវិបត្តិអន្តរជាតិ ។ ក្រុមមួយនេះរួមមានទាំងសមាជិកអង្គការអូតង់ផងដែរ ដូចជាអង់គ្លេស និងរដ្ឋតំបន់បាល់ទិក ព្រមទាំងប្រទេស មិនមែនអូតង់ ដូចជាស៊ុយអែត និងហ្វាំងឡង់ ។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាហាក់ដូចជាឆាប់រហ័សពេកក្នុងការព្យាករណ៍ពីភាពរីកចម្រើនក្នុងការចរចាទាំងនោះ ។ ការងារនេះលំបាកណាស់ ហើយនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវិញច្បាស់ណាស់ថា ការចរចាដែលកំពុងបន្តទៅមុខគឺអាចមានចំណុចវិជ្ជមានខ្លះៗប៉ុណ្ណោះ ។
ខណៈពេលនោះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Bidenបានចុះហត្ថលេខាលើច្បាប់ស្ដីពីការកញ្ចប់ថវិកាជំនួយសង្រ្គោះសម្រាប់ឆ្នាំ ២០២២ ដែលផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកហើយថែមទាំងផ្តល់ជំនួយដល់អ៊ុយក្រែនខណៈមានវិបត្តិផងដែរ ។
ច្បាប់នេះ នឹងផ្ដល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធចាប់ពីថ្ងៃ ទី៣០ខែតុលាឆ្នាំ2022 ហើយ មូលនិធិនេះនឹងផ្ដល់កញ្ចប់ថវិកាចំនួន13.6ពាន់លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ជាជំនួយមនុស្សធម៌ សេដ្ឋកិច្ច និងជាជំនួយការពារជាតិទៅដល់ប្រទេសអ៊ុយក្រែន។
លោក Biden បាននិយាយថាច្បាប់នេះ បញ្ជូនសារមួយថា គណបក្សសារធាណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ អាចមកជាមួយគ្នាដើម្បីទទួលយកសមិទ្ធផលដែលបានបញ្ចប់ និងបំពេញទំនួលខុសត្រូវរបស់ពួកគេ ក្នុងការធ្វើឲ្យរដ្ឋាភិបាលរឹងមាំ និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋអាមេរិក ។ លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ជូនរួចមកហើយនូវថវិការរាប់ពាន់លានដុល្លារអាមេរិក ជាជំនួយខាងយោធា និងសន្តិសុខដោយផ្ទាល់ដល់កងកម្លាំងអ៊ុយក្រែន៕