តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។
សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តសំដៅលើគោលដៅអណ្តែតទឹក។
ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ គឺជាទម្លាប់របស់ខ្លួន ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីអធិបតេយ្យភាពរបស់ខ្លួន។
មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធការពាររបស់ខ្លួននៅតាមបណ្តាកោះតូចៗជាច្រើន ស្របពេលភាពភ័យខ្លាចកាន់តែកើនឡើងថា ចិនអាចូលដណ្តើមកាន់កាប់កោះមួយចំនួន ដើម្បីបង្ខំឲ្យតៃវ៉ាន់ចរចាបង្រួបបង្រួមជាតិជាមួយដីគោក។
សេចក្តីសេចក្តីរាយការណ៍ដដែលបានបន្ថែមថា តៃវ៉ាន់បានដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ នៅកោះមួយ ដែលមានលំនៅរបស់ជនស៊ីវិលប្រហែល១៥០០ខ្នង ហើយចាត់ទុកថា ជាគោលដៅអាទិភាពខ្ពស់សម្រាប់កងទ័ពចិន ចូលឈ្លានពានតាមកងនាវាចរ និងទ័ពអាកាស។
ចំណែកមន្ត្រីការពារជាតិតៃវ៉ាន់ បាននិយាយកាលពីខែមុនថា យន្តហោះស៊ីវិលរបស់ចិនធ្លាប់ហោះទៅជិតកោះមួយនោះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ។
សូមរំឭកថា ក្នុងថ្ងៃដែលទាហានរុស្ស៊ីបើកការវាយលុកចូលទឹកដីអ៊ុយក្រែន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ឹងវិន បានបញ្ជាឲ្យកងកម្លាំងយោធា និងកម្លាំងសន្តិសុខកោះតៃវ៉ាន់ ត្រៀមខ្លួនប្រយុទ្ធឲ្យបានរួចរាល់ ហើយត្រូវខិតខំ ឃ្លាំមើលស្ថានការណ៍វិវត្តន៍នៅជុំវិញខ្លួន។
កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន បានព្រមានថា ប្រសិនបើឯករាជ្យភាពរបស់អ៊ុយក្រែន ត្រូវបានគំរាមកំហែងដោយរុស្ស៊ី នៅភាពតក់ស្លុតនឹងបន្ទរនៅជុំវិញពិភពលោក។សំឡេងបន្ទរទាំងនោះនឹងឮនៅអាស៊ីខាងកើត ហើយនឹងឮនៅតៃវ៉ាន់។
កាលពីម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីធើ ដុតតុន បានព្រមានថា ប្រទេសចិនអាចប្រើប្រាស់ជម្លោះរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ជាការបង្កហេតុ ដើម្បីចាប់ផ្តើមធ្វើសកម្មភាពចូលឈ្លានពានកោះតៃវ៉ាន់ ខណៈ កងទ័ពអាមេរិករាប់ពាន់នាក់ បញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី។
ថ្លែងក្នុងសុន្ទរកថា នាមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក របស់អូស្ត្រាលី កាលពីថ្ងៃទី១៦ ខែមីនា លោក ដុតតុន បាននិយាយថា ប្រទេសចិនអាចប្រើប្រាស់ជម្លោះនៅអ៊ុយក្រែន ជាការរំបង្កហេតុតដ៏មានប្រយោជន៍ និងជាឱកាសមួយ ដើម្បីធ្វើសកម្មភាពឈ្លានពាន និងការបង្ខិតបង្ខំកោះតៃវ៉ាន់។
លោកបានចោទប្រកាន់ថា ការគំរាមកំហែងនេះកើតឡើងភាគច្រើនចេញពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលមានមហិច្ឆតាចង់យកកក្តោបយកទឹកដីតៃវ៉ាន់ ហើយនាពេលថ្មីៗនេះ ចិនបានព្រមព្រៀងគ្មានក្នុងភាពជាដៃគូសហប្រតិបត្តិការគ្មានដែនកំណត់ ជាមួយរដ្ឋាភិបាលវិមានក្រឹមឡាំង៕