ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖សង្រ្គាមលោកចាប់ផ្តើមលេចចេញជារូបរាង ក្រោយចិនព្រមានពីផលវិបាកមិនអាចប៉ាន់ស្មានបាន

បរទេស៖អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng បាននិយាយព្រមានពិភពលោកថា ផលវិបាកមិនអាចប៉ាន់ស្មានបាន ប្រសិនបើមហាអំណាចនុយក្លេអ៊ែរត្រូវបានបង្ខំឲ្យទាល់ច្រក ហើយពួកគេមិនគួរប្រើប្រាស់អាវុធនោះឡើយ ហើយនយោបាយប្លុកយោធាត្រូវតែត្រូវបានបដិសេធ ដែលការអត្ថាធិប្បាយនេះកើតមានឡើង រយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្រមានសមភាគីចិន លោកXi Jinping ថានឹងមានផលវិបាកដូចគ្នា ប្រសិនបើចិនជួយគាំទ្រសកម្មភាពយោធានៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលជាសេនារិយោមួយដែលគេមើលឃើញថា ស្រួលមិនស្រួលបើសិនជាភាគីជម្លោះទាំង២ មិនបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកទេនោះ រហូតដល់ការប្រើប្រាស់អាវុធមហាប្រល័យ សង្រ្គាមលោកច្បាស់ជានឹងផ្ទុះឡើងជាក់ជាពុំខាននោះឡើយ ។
ថ្លែងនៅឯវេទិកាអន្តរជាតិលើកទី៤ស្ដីពីសន្តិសុខ និងយុទ្ធសាស្ត្រ ក្នុងទីក្រុងប៉េកាំង មន្ត្រីជាន់ខ្ពស់រូបនេះ បានគាំទ្រការវិនិច្ឆ័យរបស់ក្រុង Moscow ដែលស្ដីបន្ទោសអង្គការអូតង់ ថាជាបានបង្កអស្ថិរភាព នៅអឺរ៉ុបខាងកើត និងបរាជ័យដោះស្រាយក្ដីកង្វល់ផ្នែកសន្តិសុខជាតិរបស់រុស្ស៊ី ជាការបើកផ្លូវឲ្យមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដូចបច្ចុប្បន្ននេះ។
លោកថា ការប្ដេជ្ញាចិត្តដ៏សាមញ្ញក្នុងការបញ្ចប់ការការពង្រីកខ្លួនខាងកងកម្លាំងយោធា អាចបញ្ចប់វិបត្តិ និងបញ្ឈប់ការរងទុកនេះបានយ៉ាងងាយ ។ លោកបន្តថា ផ្ទុយទៅវិញ មានអ្នកបក់អណ្ដាតភ្លើងពីចម្ងាយដោយសុវត្ថិភាព ដោយអង្គុយមើលឈ្មួញលក់អាវុធរបស់ខ្លួន ធនាគារ និងមហាសេដ្ឋីប្រេង កើបលុយពីសង្រ្គាម ហើយទុកឲ្យមនុស្ស១ប្រទេសតូចរងរបួសដោយសារសង្រ្គាមដែលត្រូវការព្យាបាលរយៈពេលយូរ ។
ដោយឡែក លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ប៉ុន្តែលោកក៏បានព្រមានថា បើសិនការចរចាបរាជ័យ នោះមានន័យថា នេះគឺជាសង្រ្គាមលោកលើកទី៣ ។
លោក បាននិយាយថា លោកបានត្រៀមរួចរាល់ហើយក្នុងការចរចាជាមួយលោក Putin ។ លោកបានត្រៀមខ្លួនចាំ២ឆ្នាំមកហើយ ។ លោកគិតថា យើងមិនអាចបញ្ចប់សង្រ្គាមនេះបានទេ បើគ្មានការចរចានោះ ។
លោកបានបន្ថែមថា លោកគិតហើយថា យើងត្រូវតែ ប្រើគ្រប់វិធីសាស្រ្ត គ្រប់ឱកាស ដើម្បីទទួលបានទំនួលខុសត្រូវនៃការចរចា ក៏ដូចជាលទ្ធភាពនៃការនិយាយទៅកាន់លោក Putin តែប្រសិនបើការប៉ុនប៉ងទាំងនេះបរាជ័យ នោះមានន័យថានេះគឺជាសង្គ្រាមលោកលើកទី៣ ។
លោក Zelensky បានជំរុញឲ្យមានការចរចាបន្ថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈការវាយលុករបស់រុស្ស៊ីបានឈានចូលដល់សប្ដាហ៍ទី៤។ ក្នុងសារជាវីដេអូ ដែលបានបង្ហោះកាលពីថ្ងៃសៅរ៍ លោកបានអំពាវនាវឲ្យមានការចរចា ដោយកុំបង្អង់ដៃ ដោយព្រមានថា បើពុំនោះទេ ការខាតបង់របស់រុស្ស៊ី នឹងកាន់តែធំ ។
ខណៈពេលនោះដែរ ប្រធានទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ( UNHCR )លោក Filippo Grandi បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស១០លាននាក់ ស្មើនឹងជាង១ភាគ៤ នៃចំនួនប្រជាជនសរុបពេលនេះបានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចូលលុកលុយរបស់រុស្ស៊ី ។
UNHCR បាននិយាយថា មនុស្សជិត ៣.៤ លាននាក់នៃប្រជាជនសរុបដែលបានរត់ភៀសខ្លួនចូលទៅក្នុងបណ្ដាប្រទេសជិតខាង ភាគច្រើនចូលទៅក្នុងប្រទេសប៉ូឡូញ ។
លោក Grandi បាននិយាយ ដោយសំដៅដល់ប្រទេសរុស្ស៊ីថា ក្នុងចំណោមទំនួលខុសត្រូវទាំងឡាយ របស់អ្នកដែលបង្កសង្រ្គាម នៅគ្រប់ទីកន្លែងក្នុងពិភពលោកកំពុងធ្វើបាបជនស៊ីវិល ដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ លោកថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ធ្ងន់ធ្ងរណាស់ដែលបានបង្ខំឲ្យប្រជាជន១០លាននាក់ រត់ភៀសខ្លួនទាំងនៅក្នុងប្រទេសឬ ទាំងក្លាយជាជនភៀសខ្លួននៅបរទេស ៕