អន្តរជាតិ:ក្រុមមន្រ្តីចិន បានអះអាងថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដឹកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំ ក្នុងខេត្តក្វាងស៊ី ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន(CAA) បានរាយការណ៍ថា អ្នកដំណើរ ១២៣នាក់ និងអាកាសយានិក ៩នាក់ បាននៅលើយន្តហោះមួយគ្រឿងនេះ ។ ចំនួនគ្រោះថ្នាក់ និងមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ គេនៅមិនទាន់ដឹងច្បាស់នោះទេ ។
សារព័ត៌មានរដ្ឋចិន បានរាយការណ៍ថា យន្តហោះ Boeing 737-800 បានធ្លាក់នៅតំបន់ភ្នំស្ថិតក្នុងទីក្រុងអ៊ូជូ ក្នុងនោះការផ្ទុះយន្តហោះបណ្តាលឲ្យមានភ្លើងឆេះព្រៃផងដែរ ។
ក្រុមការងារសង្រ្គោះ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយ CAAបានិយាយថា ពួកគេបានដាក់ពង្រាយបុគ្គលិករបស់ខ្លួនទៅកាន់ទីនោះផងដែរ ។
ជើងហោះហើរ Flight MU5735 បានចាកចេញពីទីក្រុងគុនមីង នៅវេលាម៉ោ ១ និង១១នាទីរសៀល ម៉ោងក្នុងស្រុក ហើយគ្រោងនឹងធ្វើដំណើរទៅដល់ខេត្តក្វាងជូ នៅវេលាម៉ោង ៣ និង ៥នាទី ។
កន្លែងតាមដានជើងហោះហើរ រាយការណ៍ថា យន្តហោះមួយគ្រឿងនេះ ហោះហើរបានរយៈពេលជាង១ម៉ោងប៉ុណ្ណោះ ហើយបានហោះជិតទៅដល់គោលដៅ មុនពេលវាធ្លាក់ ។
យោងតាមទិន្នន័យ FlightRadar24បានឲ្យដឹងថា ព័ត៌មានទទួលបានចុងករោយពីជើងហោះហើរ Flight MU5735 បានបញ្ចប់នៅវេលាម៉ោង ២ និង២២នាទី ក្នុងរយៈកម្ពស់ ៣.២២៥ហ្វ៊ូត(ប្រហែល ៩៨៣ម៉ែត្រ) ៕