ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក​​ ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យលោក​​បានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។
លោក​បាន​លើកឡើងថា លោក​​​ពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។លោក​​បានជម្រាបជូនសម្តេចតេជោ​ថា រយៈពេលជាងមួយខែកន្លងមកនេះ លោក​​សង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។
លោកបាន​​​​និយាយ​ថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងន័យនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា បេសកកម្មការទូតរបស់លោក​​មកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់លោក​​និងបានលើកទឹកចិត្តឲ្យលោក​​ពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមកនិងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅ លោក​​ហ្សាហ៉ីរូឌីន បាបា សាហ៉ីមផងដែរថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូប​ករណ៍​ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕